ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សទូទាំង៥ឃុំ ក្នុងស្រុកវាលវែង សរុបចំនួន ១,៣៤២នាក់ ក្នុងគោលបំណងជំរុញ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើង ជាពីរវេន ដោយពេលព្រឹក សម្រាប់ឃុំក្រពើពីរ និងឃុំអន្លង់រាប និងពេលរសៀល សម្រាប់ឃុំអូរសោម ឃុំថ្មដា និងឃុំប្រម៉ោយ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, ឯកឧត្តម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវែង ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ពីប្រវត្តិនៃដំណើរការដ៏ជូរចត់ ដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមរហូតដល់ ៤៧ឆ្នាំកន្លងមក។ ឯកឧត្តមបានលើកឡើងថា «ក្រោយពេលដែលកម្ពុជាឆ្លងកាត់សង្គ្រាម យើងមានពេលខ្លីបំផុត គឺត្រឹមតែ២៨ឆ្នាំប៉ុណ្ណោះ សម្រាប់ការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីការពារសមិទ្ធផល និងអភិវឌ្ឍន៍ប្រទេសជាតិយើង»។
ឯកឧត្តមបានរំលឹកផងដែរថា សម្រាប់ស្រុកវាលវែងផ្ទាល់ គឺធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមយ៉ាងឈឺចាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រុកវាលវែងមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ ដែលភាពរីកចម្រើនទាំងនេះកើតចេញពី «កត្តាសន្តិភាព» ទោះបីជាយើងនៅមានការងារខ្លះទៀតដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងពេលប្រទេសជួបការលំបាក ពិសេសបញ្ហាជម្លោះព្រំដែនជាមួយថៃ, ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គឺតែងតែស្ថិតនៅក្នុងប្រទេស និងមិនដែលរត់ចោល ពោលគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ភាគីថៃជានិច្ចកាលតែងតែចិញ្ចឹមចិត្ត ចង់បានទឹកដីកម្ពុជាដោយស្រេកឃ្លាន និងចង់បំបាក់ស្មារតីសាមគ្គីភាពរបស់កម្ពុជា។ ក៏ប៉ុន្តែ ក្រោមការដឹកនាំបញ្ជាដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កម្លាំងការពារជាតិរបស់យើងមានភាពរឹងមាំ ក្នុងការការពារបូរណភាពទឹកដី។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាបន្តដោះស្រាយជម្លោះដោយសន្តិវិធី និងប្រើប្រាស់យន្តការការទូត ព្រមទាំងច្បាប់អន្តរជាតិនានា ដើម្បីជៀសវៀងការប្រើប្រាស់កម្លាំង ដែលនាំឱ្យបាត់បង់អាយុជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។
ឯកឧត្តម កែវ រតនៈ បានផ្តាំផ្ញើដល់ប្រធានក្រុមបក្ស និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ តស៊ូ រក្សាគ្នាជាធ្លុងមួយ កុំឱ្យបែកបាក់ឯកភាពជាតិ សាមគ្គីភាពជាតិ ស្មារតីរួបរួមជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំ។ ត្រូវចូលរួមដាំដើមឈើ និងទប់ស្កាត់ការកាប់ដុតបំផ្លាញព្រៃឈើ ដើម្បីបង្កើតគម្របបៃតងដ៏ស្រស់ស្អាត។ ត្រូវទប់ស្កាត់ការរំលោភចំណីផ្លូវ ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពរលូននៃចរាចរណ៍។ ចំពោះការផ្តាំផ្ញើចំណុចខាងលើនេះ គឺដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកអភិវឌ្ឍន៍ ឈានទៅបង្កើនចំណូលបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានជីវភាពកាន់តែសម្បូរសប្បាយ៕



















































