(ភ្នំពេញ)៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់មន្ទីរវប្បធម៌រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន និងផ្ញើរបាយការណ៍ទៅក្រសួង ឲ្យបានជាប់លាប់ជាប្រចាំ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «យើងរួមគ្នាបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច
និងជំរុញការប្រើប្រាស់ App NoDrug» នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឡងឌី សាន់ណារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង ដែលបានយកចិត្ត ទុកដាក់ក្នុងការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ លោកជំទាវ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចំណាយពេលវេលា ក្នុងការអញ្ជើញចូលរួមរបស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេស តំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ ដែលបានអញ្ញើញមកពីទីឆ្ងាយៗ នេះបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យយុវវ័យ ពិសេសក្មួយៗសិស្សសាលាមធ្យមវិចិត្រសិល្បៈ ពីព្រោះថាក្មួយៗនឹងអាចផ្សព្វផ្សាយបន្តទៅកាន់មនុស្សជាច្រើនបន្ថែមទៀត។ មិនតែប៉ុណ្ណោះតាមរយៈសិក្ខាសាលាថ្ងៃនេះ ក្មួយៗនឹងបានដឹងកាន់តែច្បាស់អំពីវិធីបង្ការកុំឱ្យខ្លួនឯងធ្លក់ក្នុងអន្ទាក់នៃការប្រើប្រាស់គ្រឿងញៀនដែលជាគ្រឿងបំផ្លាញអនាគត បំផ្លាញសុខភាព និងការបង្កបញ្ហាជាច្រើនទៀតដល់គ្រួសារនិងសង្គមជាតិទាំងមួល។ សិក្ខាសាលា ក៏នឹងបង្ហាញផងដែរអំពីរបៀបនៃការទាញយកកម្មវិធី App No Drug ដែលជាកម្មវិធីសម្រាប់រាយការណ៍នូវព័ត៌មានផ្សេងៗ ដែលបងប្អូនបានឃើញករណីអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីសមត្ថកិច្ចអាចចាត់វិធានការទាន់ពេលភ្លាមៗ ហើយនេះគឺជាការចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែលក្មួយៗរសើនៅផ្ទាល់។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះក្រសួងបានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលចង្អុលបង្ហាញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ជាក់ស្តែង ដូចរបាយការណ៍ លោកជំទាវសម្គាល់ឃើញថា ទាំងកម្រិតក្រសួងនិងកម្រិតមន្ទីររាជធានីខេត្តបានធ្វើការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនបានជាប់លាប់ជាប្រចាំ តាមរបាយការណ៍ ផ្ញើចូលក្នុងក្រុមតេឡាក្រាមប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ (មានជំនួយការជាអ្នកកត់ត្រានិងបូកសរុបរបាយការណ៍ទាំងនោះ)។
ប៉ុន្តែ លោកជំទាវ ឡងឌី សាន់ណារ៉ា ក៏សម្គាល់ឃើញដែរថា មន្ទីរយើងមិនទាន់គ្រប់១០០%ទេ ដែលបានផ្ញើរបាយការណ៍មក នៅខ្វះតិចតួចទៀត សូមលើកទឹកចិត្តមន្ទីរសេសសល់ដែលមិនបានផ្ញើរបាយការណ៍មកសូមផ្ញើឱ្យបានគ្រប់គ្នា។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា «អ្វីដែលខ្ញុំចាប់អារម្មណ៍លើរបាយការណ៍នេះទៀតនោះ គឺចំនួនដង និងចំនួនមនុស្សដែលមន្ទីរផ្សព្វផ្សាយបាន ខ្ញុំសូមលើកឈ្មោះមន្ទីរចំនួន៦ ដែលផ្សព្វផ្សាយបានច្រើនក្នុងឆ្នាំ២០២៥ និងឆមាសទី១ឆ្នាំ២០២៦ គឺឆ្នាំ២០២៥ មានមន្ទីរខេត្តក្រចេះ មន្ទីរខេត្តស្ទឹងត្រែង និងមន្ទីរខេត្តតាកែវ។ ចំណែកឆមាសទី១ ឆ្នាំ២០២៦ មានមន្ទីររាជធានីភ្នំពេញ មន្ទីរខេត្តព្រះសីហនុ និងមន្ទីរខេត្តកំពង់ធំ។ ដោយឡែក មានមន្ទីរចំនួន៤ទៀត ដែលរៀបចំរបាយការណ៍បានល្អ ដោយបានបូកសរុបតួលេខតាមខែ ត្រីមាស ឆមាស នព្វមាស និងឆ្នាំ ហើយបានបែងចែកចំនួនស្រីប្រុស សរុបចំនួនលើក ដែលធ្វើឱ្យក្រុមការងារលេខាធិការដ្ឋានមានភាពងាយស្រួលក្នុងការបូកសរុប ខេត្តទាំង៤នោះគឺ កណ្តាល ព្រៃវែង រតនគិរី និងភ្នំពេញ»។
App NoDrug គឺជាកម្មវិធីទូរស័ព្ទដៃដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីផ្សព្វផ្សាយ អប់រំ និងជំរុញការចូលរួមពីសាធារណជនក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន៕












