នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ប្រមាណ៧០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំថ្នាក់មូលដ្ឋាន ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព ស្មារតីជាតិនិយម និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅរួមគ្នាជំរុញ និងអភិវឌ្ឍវិស័យអប់រំក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ឯកឧត្តមបានក្រើនរំលឹក ដល់លោកនាយកសាលា ត្រូវចេះប្រើប្រាស់ពេលវេលាដ៏ល្អ ភាសាដ៏ពិរោះរណ្តំ ប្រកបដោយអត្ថន័យ និងទន់ភ្លន់ ព្រមទាំងយកបទពិសោធន៍ការងារដ៏មានតម្លៃ មកសាបព្រោះ និងនិយាយល្អៗ ជាមួយមន្ត្រីក្រោមឱវាទ ព្រោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ បានខិតខំតស៊ូរួបរួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា នាយកសាលា មានតួនាទីប្រៀបដូចជា «អាណាព្យាបាល» ដ៏កក់ក្តៅរបស់គ្រូបង្រៀនទាំងអស់ ដូច្នេះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា ត្រូវមានក្តីស្រលាញ់រាប់អាន យោគយល់ និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នទាំងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានដាក់ឱ្យអនុវត្តតាមប្រព័ន្ធវិមជ្ឈការ នៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានស្មារតីម្ចាស់ការ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្រោយការសម្របសម្រួលដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំខេត្ត ទាំងលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ បានបើកចិត្តទូលាយ យោគយល់គ្នា និងសម្រេចស្រុះស្រួលគ្នាជាធ្លុងមួយឡើងវិញ ព្រមទាំងប្តេជ្ញាពង្រឹងកិច្ចសហការ ការនិយាយស្តី និងការយកចិត្តទុកដាក់មើលសុខទុក្ខមន្ត្រីក្រោមឱវាទ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដោយមិនឱ្យមានបញ្ហាស្មុគស្មាញកើតឡើងជាថ្មីទៀតឡើយ៕









































