ឯកឧត្តមបណ្ឌិត លី ធុជ៖ កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់គ្រាប់បែកចង្កោម និងអំពាវនាវឱ្យពិភពលោកបញ្ចប់ការគំរាមកំហែងនេះ


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសជំហរយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែង។

ការថ្លែងនេះធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមបណ្ឌិតចុះពិនិត្យសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA នៅភូមិសិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម រួមទាំងហេតុការណ៍វាយប្រហារដោយទាហានថៃកាលពីឆ្នាំ២០២៥ ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។

ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវសហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមនៅទូទាំងពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ និងគាំទ្រជនរងគ្រោះ។

កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង និងការជួយជនរងគ្រោះ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារអាវុធនេះឡើយ។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំវិស័យសកម្មភាពមីនមនុស្សធម៌ប្រកបដោយចក្ខុវិស័យ។ ទោះបីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក៏ផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវបោសសម្អាតបន្ថែម។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ NPA សហរដ្ឋអាមេរិក និងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ដែលបានគាំទ្រការងារនេះតាំងពីឆ្នាំ២០១៣។ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកៀរគរធនធាន និងជំនាញបច្ចេកទេស។

ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកបទពិសោធន៍ និងអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ត ដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានគ្រាប់បែកចង្កោម៕