គ្រួសារកសិករក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ទទួលបានកូនភ្លោះ៣ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ហើយជាគ្រួសារទី៤៤១ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបាន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនៅលំនៅឋានស្ថិតនៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
កូនភ្លោះ៣ដែលសុទ្ធតែជាកូនប្រុសនេះ គឺជាកូនលើកទី៣ក្នុងគ្រួសារ មានឪពុកឈ្មោះ ខាត់ សុវណ្ណរតនឧត្តម អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ ថាន ស្រីនិច អាយុ ៣០ឆ្នាំ អ្នកទាំងពីរមានមុខរបរកសិករ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។ ទារកភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរខេត្តក្រចេះ។
នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ ឯកឧត្តម សេង ទៀង មានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែនឹករលឹកសណ្តោសប្រណី ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា ការជួយដល់គ្រួសារមានកូនភ្លោះ៣ ឬ៤នាក់នេះ ជាការទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ មកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង ២៧ឆ្នាំហើយ។ ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤៤១គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុង ដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាព ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់។
ឯកឧត្តម សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្សបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ អំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋសម្រាលកូនភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិតអាសូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតផងដែរ។
បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បន្តតាមលំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចូលរួមឧបត្ថម្ភដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់ផងដែរ។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១៧ហើយ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។
ក្រុមកគ្រួសារកូនភ្លោះបី បានបានបង្ហាញទឹកចិត្តសប្បាយរីករាយដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយក្តីគោរពកតញ្ញូតាធម៌ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែតម្កល់ផលប្រយោជន៍ និងទុក្ខលំបាករបស់ប្រជាជន គឺជាក្តីកង្វល់ និងទុក្ខលំបាករបស់របស់ខ្លួនដែរ៕



















