ខេត្តពោធិ៍សាត់៖ នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្រ្ដីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ និងស្ពានបេតុង ១កន្លែង ស្ថិតក្នុងខេត្តពោធិ៍សាត់ដែលរួមមាន៖
ខ្សែទី១៖ ឈ្មោះផ្លូវលាំងត្រាច-ស្វាយស មានប្រវែង ៦,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិទួលអណ្តែត ទៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩០០គ្រួសារ ស្មើនឹង ៣៣ ០៩៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ១៧៩គ្រួសារ ស្មើនឹង ៩ ២៧៨ ២១៨នាក់។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) រួចជាស្ថាពរក្នុងឆ្នាំ២០២៦នេះ។
ខ្សែទី២៖ មានចំនួន ៣កំណាត់ ដែលមានប្រវែងសរុប ១៣,២០គីឡូម៉ែត្រ ចាប់ផ្ដើមពីវត្តថ្គោលអណ្ដែត ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ទៅដល់ភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្តៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៨៨៣គ្រួសារ ស្មើនឹង ៧ ៨៨០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៩ ៩៦៨គ្រួសារ ស្មើនឹង ៣៦ ៥៤០នាក់។
ខ្សែទី៣៖ ឈ្មោះផ្លូវបឹងក្រាញ់-កំពង់រកា មានប្រវែង ៤,០០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបឹងក្រាញ់ ទៅភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៥៥១គ្រួសារ ស្មើនឹង ១ ៩៩២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩២៤គ្រួសារ ស្មើនឹង ៧ ២៨៨នាក់។ ផ្លូវមួយខ្សែនេះ កំពុងស្ថាបនាលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) កាលពីខែមីនា ឆ្នាំ២០២៦ នេះ ដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័ករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបច្ចុប្បន្នសម្រេចវឌ្ឍនភាពបានប្រមាណ ៥០%។
ខ្សែទី៤៖ ឈ្មោះផ្លូវសន្លុង-កគោ មានប្រវែង ៤,០០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយចំបក់ ទៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៥៩៦គ្រួសារ ស្មើនឹង ២ ៣០១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩២៤គ្រួសារ ស្មើនឹង ៧ ២៨៨នាក់។ ផ្លូវមួយខ្សែនេះស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅឆ្នាំ២០១៩ ។
គួរជម្រាបជូនដែរថា ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៃផ្លូវទាំង ៤ខ្សែនេះ ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុល និងស្ដារឡើងវិញឱ្យប្រែក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងចុះត្រួតពិនិត្យបច្ចេកទេសក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវនេះ ឱ្យធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រដូវកាល ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល កាន់តែងាយស្រួលនិងឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យផងដែរ នូវវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ តភ្ជាប់ពីខាងកើតស្ថិតក្នុងឃុំលាច ទៅខាងលិចស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។ ស្ពាននេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕


