រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំ​វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៨-២០២០


ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំ​វេទិកា ពិគ្រោះ យោបល់​ស្តីពី​ការកសាង​កម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិលឆ្នាំ​២០១៨-២០២០​របស់ខ្លួនកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧​នៅ​សាលាខេត្ត​ដែលមានការ​ចូលរួមពីស្ថាប័ន​ មន្ទីរ ​អង្គភាព​ អង្គការជាតិអន្តរ​ជាតិ​វិស័យឯកជន ជាច្រើន​រយនាក់​ដែលបង្ហាញពី​កិច្ចសហការល្អ ​ក្នុងគោលដៅ​បន្តជំរុញ​ការងារអភិវឌ្ឍន៍ខេត្តឱ្យ បានលឿន​ថែមទៀត។

នៅក្នុងវេទិកានេះឯកឧត្តម ឈើយ ចាន់ណា អភិបាលស្តីទីខេត្តបន្ទាយមានជ័យមាន ប្រសាសន៍ថា ជាការពិត​ណាស់​ការអភិវឌ្ឍមិន​មែន​ជាការងារ​ដែលយើង​អាចសម្រេច​បានក្នុង​ រយៈពេល១ឆ្នាំ ឬ២ឆ្នាំ ឬក៏ខ្វះ​ការចូលរួម​បាន​នោះទេហើយ​ការងារក៏ទាមទារ​នូវពេលវេលាយូរ​ អង្វែងផងដែរ ​ក្នុងនោះត្រូវ​មានផែនការអនុវត្តន៍​ច្បាស់​លាស់​ គ្រប់​ជ្រុងជ្រោយ​ និងមានកិច្ច សហប្រតិបត្តិការល្អពីស្ថាប័ននានាភាគី​ពាក់ព័ន្ធព្រមទាំងកៀរ​គរធនធាន​ថវិកា​សម្ភារៈ​ឱ្យអស់លទ្ធភាព​និងមធ្យោបាយ​ព្រោះថាការចូលរួមគឺជាកត្តាសំខាន់​ដែល​មិន​អាច​ខ្វះបាន​ក្នុងដំណើរការ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព។ការងារកសាងផែនការ​​ពិត​ជាមូលដ្ឋានមួយ​ដ៏មានសារៈ​សំខាន់ណាស់​ក្នុងការធានា​ធ្វើឱ្យ​ប្រសើរ​​ដល់កិច្ចការ​អភិវឌ្ឍ​សង្គមនោះ​។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ​បាន​ដាក់​​ចេញនិង​អនុវត្តន៍​យ៉ាងខ្ជាប់ខ្ជួន​នូវគោលនយោបាយកំណែ ទម្រង់លើគ្រប់​វិស័យ​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ ដើម្បីជំរុញ លើកកម្ពស់កំណើន​សេដ្ឋកិច្ចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ធានា​សមធម៌​ក្នុងសង្គមនិងលើកស្ទួយ​ប្រសិទ្ធភាព​វិស័យសាធារណៈ​ហើយគោលដៅនេះជាកត្តា​គន្លឹះ​សម្រាប់​​ការអភិវឌ្ឍ​​តាមបែប​ប្រជាធិបតេយ្យ​ប្រកបដោយ​តម្លាភាព​ គណនេយ្យភាពបង្កើនភាពជឿជាក់​របស់​ប្រជាពល រដ្ឋលើការ​ដឹកនាំរបស់​រាជរដ្ឋាភិបាល។ ​ឯកឧត្តមបាន​សំណូមពរ​សូមឱ្យអង្គវេទិកាពិគ្រោះ យោបលទាំងមូល​ត្រូវ​យក​ចិត្តទុកដាក់​ក្នុងការ​ធ្វើការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ឱ្យបានស៊ីជម្រៅ​ដើម្បីបំពេញ​តម្រូវ​ការរបស់មូលដ្ឋាន។

ឯកឧត្តមអភិបាលស្តីទីខេត្តបន្ទាយមានជ័យមានប្រសាសន៍បន្តថា វេទិកាពិគ្រោះយោ បល់នាថ្ងៃនេះ រដ្ឋបាល​ខេត្តមាន​គោលបំណង​បង្ហាញអំពីការ​សម្របសម្រួល​រវាងអ្នកពាក់ព័ន្ធ និងការបន្ស៊ីគ្នា​នូវគម្រោង​កម្មវិធីវិនី​យោគក្រុង ​ស្រុក​ និងពង្រឹងកិច្ច​សហប្រតិបត្តិ​គ្រប់ជ្រុង ​ជ្រោយ​រវាងរដ្ឋបាលខេត្ត ក្រុង ស្រុក និងភាគីពាក់ព័ន្ធ​នានាដែល​កំពុងនិង​បន្តកម្មវិធីអភិវឌ្ឍន៍ នានាក្នុង​ខេត្តសំដៅដើម្បីកៀរ​គរធនធាន​សម្រាប់អនុវត្តន៍​គម្រោង​វិនិយោគ​នានាដែលស្នើឡើង​ និងដែលមាន​ក្នុងផែនការ​អភិវឌ្ឍន៍​របស់រដ្ឋបាល​​ខេត្ត​ ក្រុង ស្រុក ម្យ៉ាង​ទៀត​គឺដើម្បី ពិនិត្យមើល​គម្រោងដូចគ្នា ​ជាន់គ្នាដែលបាន​រៀបចំដោយ​អង្គការសង្គម​ស៊ីវិលវិស័យ​ឯកជន​ និងដៃគូអភិវឌ្ឍន៍​សំដៅធ្វើ​យ៉ាងណា​ជំរុញល្បឿន​ការអភិវឌ្ឍ​ខេត្តឱ្យកាន់មានការរីកចម្រើន ថែមទៀតដើម្បី​ធ្វើឱ្យជីវភាព​​រស់នៅ​​របស់​​ប្រជា​ពលរដ្ឋកាន់តែប្រសើរ៕​