នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦នេះ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបន្តកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុក ជាមួយកិច្ចពិភាក្សាទូទៅលើមូលបទដែលបានដាក់ចេញ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។
កិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តម អ៊ូច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និង លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC។
កិច្ចពិភាក្សាត្រូវបានចាប់ផ្តើម ដោយការថ្លែងសុន្ទរកថាពិសេសរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញភាពចាំបាច់នៃការរួបរួម ឬតួនាពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក ដែលគំរាមកំហែងដល់សុខសន្តិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាមបំផ្លាញលឿននូវកិច្ចអភិវឌ្ឍន៍ តែការអភិវឌ្ឍឡើងវិញនូវសមិទ្ធផលបំផ្លាញដោយសង្គ្រាម គឺជារឿងលំបាក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ហើយក៏បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងដោះស្រាយបញ្ហានេះ ដោយឈរលើច្បាប់អន្តរជាតិទាំងឡាយ៕





























