ឯកឧត្តមឈួរ ច័ន្ទឌឿន និង លោកជំទាវ បានអញ្ជើញសាកសួរសុខទុក្ខលោកម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត ដែលកំពុងសំរាកព្យាបាលជំងឺ


(កំពង់ឆ្នាំង)៖ នៅព្រឹកថៃ្ងទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមឈួរ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ រួមដំណើរដោយ​ឯកឧត្តមហ៊ី ណាតអភិបាលរងខេត្ត ឯកឧត្តមអ៊ុន សំអុលទីប្រឹក្សាក្រសួងមហាផ្ទៃនិងសហការីបានអញ្ជើញសាកសួរសុខទុក្ខលោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តកំពុងដេកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

ឯកឧត្តមឈួរ ច័ន្ទឌឿនបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តីកន្លងមកសម្តេចតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខមន្រ្តីរាជការមិនដែលបោះបង់ចោលម្តងណាឡើយ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកម៉ម ឈឿមអោយខិតខំថែទាំសុខភាពនិងអនុវត្តការព្យាបាលអោយជាប់ជាប្រចាំតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីឆាប់ជាជួយថែរក្សាកូនចៅបានរៀនសូត្រនិងបានចូលបំពេញការងារដូចធម្មតាវិញ ។

ក្នុងឱកាសនោះឯកឧត្តឈួរ ច័ន្ទឌឿន ក៏បានឧបត្ថម្ភថវិកាចំនួន៣.៥០០.០០០រៀលដល់លោកម៉ម ឈឿម សំរាប់ព្យាបាលជំងឺផងដែរ។