អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី


នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផល ទៅទីផ្សារ ប្រទេសរុស្ស៊ី រួមទាំង វិស័យទេសចរណ៍ បរិស្ថានធម្មជាតិ ដោយសាខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្ម ផលិត ផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសំរាកលំហែរកំសាន្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House Cambodia រួមទាំងដៃ គូវិនិយោគ ក្នុងស្រុកគឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកាព្រមទាំងបានជម្រាបជូន អំពី ស្ថានភាព ភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពល របស់ខេត្ត និងទទួលយកបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងទីផ្សាររុស្ស៊ី ដើម្បីសិក្សាស្វែងរកលទ្ធភាព បង្កើតកិច្ច សហប្រតិបត្តិការ និងឱកាសរួមគ្នានាពេលខាងមុខ ជាពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងការវិនិយោគ។

ជាការឆ្លើយតប លោក Vladimir Palancica បានកោតសរសើវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍ រីក ចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំង សន្យា ថានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ដែលជាយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបាន កាន់តែល្អប្រសើឡើង ស្របតាមគោល នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាអង្គភាពសម្របសម្រួលកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេស BRICS ជាពិសេសការភ្ជាប់ទីផ្សារ និងឱកាសកិច្ច សហប្រតិបត្តិការ រវាងប្រទេសរុស្ស៊ី និងកម្ពុជា៕