តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
បើតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គ្រោងនឹងជួបប្រជុំទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ព្រមទាំងជួបពិភាក្សាការងារជាមួយមេបញ្ជាការប្រភេទទ័ពអូស្ត្រាលីមួយចំនួនផងដែរ។ ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹងពិភាក្សាការងារនៅក្នុងកិច្ចប្រជុំតុមូលផងដែរ។
នៅក្នុងកិច្ចប្រជុំទាំងនោះភាគីទាំងពីរគ្រោងនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសន្តិសុខលម្អសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការចែករំលែកព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាលយោធិនអាជីព និងការអភិវឌ្ឍគោលនយោបាយការពារជាតិ រួមទាំងបញ្ហាសន្តិសុខតំបន់ជាដើម។
ដំណើទស្សនកិច្ចផ្លូវការនេះនឹងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើនជាលំដាប់។ ការពង្រឹងទំនាក់ទំនងនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» (Comprehensive Partnership) នៅពេលឆាប់ៗខាងមុខ៕

