ឯកឧត្តម នួន ផារ័ត្ន អភិវាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង សិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងខេត្តផងដែរ។
ឯកឧត្តមបន្តទៀតថា ការសិក្សារៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀនសូត្រមេរៀនជីវិត ដែលជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហាប្រឈមនានា ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិ។ ការវិនិយោគលើការសិក្សារៀនសូត្រពិតជាមានសារៈសំខាន់ណាស់ ដូច្នេះឪពុកម្ដាយ ត្រូវផ្ដល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រ ដោយផ្ដើមចេញពីការទំនុកបម្រុងពីឪពុកម្ដាយហើយសាមីខ្លួន ត្រូវតែខិតខំប្រឹងប្រែងជាពិសេសការតម្រង់ទិសឲ្យមានផលល្អសម្រាប់ខ្លួនឯង។
ឯកឧត្តមបញ្ជាក់ថា ការជោគជ័យមិនអាចធ្វើតែមួយពេលនេះបានទេ ត្រូវតស៊ូព្យាយាមបំណត់អត់ធ្មត់ មានការតម្រង់ទិសដើម្បីសម្រេចចិត្ត ឈានចូលមហាវិទ្យាល័យមានជំនាញមួយពិតប្រាកដ ពិសេសដើរឲ្យទាន់សង្គមឌីជីថឺល និងភាសារបរទេមួយយ៉ាងតិច។ ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះលោក នួន ផារ័ត្ន បានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A ទាំង៥២នាក់ ទទួលបានប័ណ្ណសរសើរ និងថវិកា ៤០ម៉ឺនរៀលក្នុងម្នាក់ៗ៕





















