ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងសិប្បកម្មយ៉ានីដូងក្រអូប ស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលជាសិប្បកម្មកែច្នៃដូងក្រអូប សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដល់បណ្ណសរសើរ និងថ្លែងអំណរគុណដល់លោក តាន់ សុភិន ម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប ដែលបានចូលរួមចំណែកលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ឱ្យមានជីវភាពកាន់តែប្រសើរឡើង តាមរយៈការដាំដំណាំដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ម្ចាស់សិប្បកម្មឱ្យពង្រីកការកែច្នៃ និងបង្កើនការប្រមូលទិញដូងក្រអូបពីប្រជាកសិករ សំដៅរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល៕












