តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធសិង្ហបុរី, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សានិងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធ នៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR)។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំ SGATAR លើកទី៥៥នេះ ផ្តោតសំខាន់លើប្រធានបទ «ការកំណត់អនាគតពន្ធ៖ បច្ចេកវិទ្យាទំនើប ការកសាងទំនុកចិត្ត និងការបណ្តុះទេពកោសល្យ (Shaping the Future of Tax: Advancing Technology, Building Trust, Cultivating Talents)»។
វត្តមានរបស់គណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែក និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសជាសមាជិកទាំង ១៩ នៃរដ្ឋបាលសារពើពន្ធក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាស្ថាប័នអន្តរជាតិធំៗមួយចំនួនទៀត។
ការចូលរួមកិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការស្វែងយល់ពីនិន្នាការថ្មីៗ បច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្ត្រនានា ក្នុងការអភិវឌ្ឍប្រព័ន្ធពន្ធដារឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទំនើបកម្ម។
តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នេះ កម្ពុជានឹងអាចពង្រឹងសមត្ថភាពស្ថាប័នពន្ធដាររបស់ខ្លួន ដើម្បីធានាបាននូវការប្រមូលចំណូលជាតិប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕





























