មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប ដែលបំពេញការងារបម្រើពលរដ្ឋបានល្អ ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារពីរដ្ឋាភិបាល


មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ប្រមាណ២៧រូប មកពីបណ្តារាជធានី-ខេត្តនានាដែលបំពេញការងារបម្រើពលរដ្ឋបានល្អ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ។

ពិធីបំពាក់បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបំពាក់ដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។

ការបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃដ៏ល្អប្រសើររបស់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល។

ក្នុងចំណោមអ្នកទទួលគ្រឿងឥស្សរិយយស និងមេដាយទាំង ២៧រូប មានស្រីចំនួន ៨រូប ដែលបង្ហាញពីការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការដឹកនាំ និងការចូលរួមចំណែកក្នុងកិច្ចការសាធារណៈ។ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំពាក់ជូនមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ចំនួន ១៩រូប ដោយបែងចែកជាថ្នាក់ មហាសេរីវឌ្ឍន៍ មហាសនា សេនា និងអស្សឫទ្ធិ។ ចំណែកមេដាយការងារ ត្រូវបានបំពាក់ជូនមេឃុំ ចៅសង្កាត់ ចំនួន ៨រូប ដោយបែងចែកជាមេដាយមាសការងារ និងមេដាយប្រាក់ការងារ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការលះបង់អស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀន មន្ត្រីភូមិ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គឺជាគំរូដ៏ល្អក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយភាពស្មោះត្រង់ មិនខ្លាចនឿយហត់ឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ មិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីថ្លៃថ្នូរ ការចាស់ទុំ និងការរីកចម្រើន ព្រមទាំងការពង្រឹងជាលំដាប់លំដោយនៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន។ លើសពីនេះ ក៏ជាការចូលរួមដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងការអភិវឌ្ឍនូវមូលដ្ឋានអង្គភាពទាំងមូលឱ្យកាន់តែរីកចម្រើន និងរឹងមាំ៕