ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យ និងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ ក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនោះគឺ រោងម៉ាស៊ីន BRM ស្ថិតនៅ ស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និង ទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវ ចំប៉ីស ដែលផលិតដោយ រោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី ៣០០ ហិកតា ទិន្នផល ៤តោនក្នុង១ហិកតា។

បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះពិនិត្យមើល សកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនអេមរុរ៉ាយស៍ ដែលកំពុងប្រមូលទិញស្រូវពីកសិករប្រភេទស្រូវសែនក្រអូប និង OM 5451 ចន្លោះ ៥០០ ទៅ៦០០តោនក្នុង មួយថ្ងៃ ហើយបានពិនិត្យមើលកន្លែងបន្សុទ្ធពូជស្រូវគំរូរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានស្រូវស្រង៉ែ និងសែនក្រអូប ដើម្បីបន្សុទ្ធត្រៀមចែកចាយដល់កសិករ បង្កើនទិន្នផល ធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានបន្តពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ១៦៩៨ ក្នុងខេត្តកំពង់ធំ ដែលកំពុងប្រមូលទិញស្រូវពីកសិករយកមកស្តុកទុក និងកិនកែច្នៃ សម្រាប់ផ្គត់ផ្គង់ទៅផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវរបស់កសិករ និងរក្សាស្ថេរភាពតម្លៃ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយ បានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក បង្កើនការទិញស្រូវពីកសិករ នារដូវច្រូតកាត់ឆ្នាំនេះឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យដើម្បីយកស្តុកទុក សម្រាប់កិន និងកែច្នៃទៅជាអង្ករ បម្រើដល់ការនាំចេញផងដែរ៕