ក្រសួងពាណិជ្ជកម្ម បានរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០»។ វេទិកានេះមានគោលបំណងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។
ពិធីបើកវេទិកានេះ បានរៀបចំឡើង នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងនៅឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមាននៃការរៀបចំចំនួន ២លើកកន្លងមក ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកា ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។
លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» ព្រមទាំងពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាថាវិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ។
ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៩។
ដើម្បីរួមគ្នាក្នុងការជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកស្រី បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច រួមមាន៖ ១.កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ២.ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ៣.ត្រៀមកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ ៤.ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព ៥.សម្រួលការលក់ឆ្លងកាត់ព្រំដែនកាន់តែងាយស្រួលសម្រាប់សហគ្រាសកម្ពុជា ៦.ធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និង៧.បង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។
សូមបញ្ជាក់ផងដែរថា វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល៣ថ្ងៃ រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។ កម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង៕















