អតីតសមាជិកមកពីគណបក្សនយោបាយនានាចំនួន ៨១១នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសបញ្ចូល និងទទួលស្គាល់ជាផ្លូវការជាសមាជិក-សមាជិកា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស គណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត។
នាឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកថ្មី ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យទាំងមូល។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងលើកឡើងទៀតថា ការសម្រេចចិត្តរបស់អតីតសមាជិកគណបក្សនយោបាយនានាទាំង ៨១១រូប ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបង្ហាញពីការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តោតលើការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឯកឧត្តម បានថ្លែងបន្តថា «គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហជានិច្ច ដើម្បីស្វាគមន៍ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចូលរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។
ក្នុងឱកាសនោះ លោក មូល សាំងក្រាញ់ តំណាងសមាជិក-សមាជិកាថ្មីទាំង ៨១១រូប បានថ្លែងធ្វើការប្តេជ្ញាចិត្តចំពោះមុខអង្គពិធី ដោយស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយ និងគោរពតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។
សមាជិក-សមាជិកាថ្មីទាំងអស់ បានប្តេជ្ញាចិត្ត៖
*គោរពរដ្ឋធម្មនុញ្ញ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ គោលការណ៍ និងវិន័យរបស់គណបក្សប្រជាជនកម្ពុជា
*គោរព និងអនុវត្តសេចក្តីសម្រេច ព្រមទាំងភារកិច្ចដែលអង្គការចាត់តាំងប្រគល់ជូន ដោយស្មារតីទទួលខុសត្រូវ
*ចូលរួមប្រជុំ ការអប់រំ និងជីវភាពបក្សឱ្យបានទៀងទាត់ ព្រមទាំងខិតខំសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ
*រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់សីលធម៌ និងថែរក្សាកិត្តិយសរបស់គណបក្ស
*ផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិ និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ
*ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាន
*ប្រព្រឹត្តអំពើល្អ គោរពផលប្រយោជន៍សាធារណៈ មិនប្រព្រឹត្តអំពើខុសច្បាប់ ឬសកម្មភាពណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ
*គោរពការពិត មានភាពស្មោះត្រង់ ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងរួមចំណែកកសាងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ
*ប្រែក្លាយការសម្រេចចិត្តចូលរួមជីវភាពនយោបាយនៅថ្ងៃនេះ ទៅជាសកម្មភាពជាក់ស្តែង ដោយចូលរួមជាមួយអង្គការចាត់តាំង និងបំពេញភារកិច្ចដែលបានប្រគល់ជូនឱ្យអស់ពីសមត្ថភាព។
ការប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១១នាក់នេះ ត្រូវបានចាត់ទុកថាជាការរួមចំណែកបន្ថែមក្នុងការពង្រឹងរចនាសម្ព័ន្ធ និងសមាជិកភាពរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានស្រុកបន្ទាយអំពិល ព្រមទាំងបង្ហាញពីការរួមគ្នា និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកជាមួយការងារសង្គម៕






















