រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្មវិធីបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកអប់រំទូទាំងប្រទេស បានចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំចំណេះទូទៅ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យោងតាមកិច្ចព្រមព្រៀងរវាងគម្រោងកែលម្អការអប់រំចំណេះទូទៅហិរញ្ញប្បទានបន្ថែម (GEIP-AF) នៃក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលភារកិច្ចជាអ្នកផ្ដល់សេវាបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកអប់រំទូទាំងប្រទេស។

កម្មវិធីបណ្តុះបណ្តាលនេះគឺផ្ដោតលើកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន (LUP) និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន (TUP) ដែលអ្នកសិក្សាគោលដៅរួមមានមន្ត្រីអប់រំ គ្រូឧទ្ទេស គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។ គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំចំណេះទូទៅ។ ក្នុងក្របខណ្ឌនៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP/GEIPAF) ដែលជាកិច្ចសហការដ៏ល្អប្រសើររវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក យើងបាននិងកំពុងអនុវត្តយ៉ាងសកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងបែបនេះខណៈលោកអញ្ជើញក្នុងពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅហិរញ្ញប្បទានបន្ថែម (GEIPAF) នៅអគារដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមបន្តថា យើងពិតជាមានមោទកភាពជាខ្លាំង នៅពេលដែលបានឃើញអ្នកសិក្សាជ័យលាភីជំនាន់មុនៗបានបញ្ចប់ការសិក្សាដោយជោគជ័យ និងពេលនេះយើងក៏កំពុងបន្តបើកវគ្គបណ្តុះបណ្តាលថ្មីៗបន្ថែមទៀតជូនដល់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ដែលកំពុងសិក្សាក្នុងកម្រិតផ្សេងៗគ្នាដូចជាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ សមិទ្ធផលទាំងនេះមិនមែនគ្រាន់តែជាក្រដាសសញ្ញាបត្រនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្ត្រដឹកនាំសាលារៀន ដែលបានជំរុញឱ្យសាលារៀនគោលដៅជាច្រើនទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រកួតប្រជែង «ស្តង់ដាសាលារៀនគំរូ» ទាំងកម្រិតមត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យ។ នេះសបញ្ជាក់ឱ្យឃើញច្បាស់ថាភាពជាអ្នកដឹកនាំ និងសមត្ថភាពគរុកោសល្យរបស់លោកគ្រូអ្នកគ្រូយើងគឺមានការរីកចម្រើនយ៉ាងពិតប្រាកដ។ លើសពីនេះក្រសួងក៏មានផែនការរៀបចំគម្រោង BEIP បន្ថែមទៀត ដោយទាញយកបទពិសោធន៍ និងឧត្តមានុវត្តន៍ពីគម្រោង SEIP, GEIP និង GEIP-AF មកពង្រីកឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស។

តាមរយៈគម្រោងកែលម្អការអប់រំចំណេះទូទៅហិរញ្ញប្បទានបន្ថែម (GEIP-AF) មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានបេសកកម្មបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនកម្រិតវិញ្ញាបនបត្រជាន់ខ្ពស់អប់រំសម្រាប់ការអប់រំកុមារតូចសរុបចំនួន២០០នាក់, វិញ្ញាបនបត្រអប់រំសម្រាប់បឋមសិក្សា៤,០០០នាក់, បរិញ្ញាបត្រអប់រំសម្រាប់បឋមសិក្សាសរុបចំនួន៦០០នាក់, បរិញ្ញាបត្រកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនសរុបចំនួន១,០០០នាក់, បរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀនសរុបចំនួន២,០០០នាក់, បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគ្រូបង្រៀនសរុបចំនួន៤០០នាក់, បរិញ្ញាបត្រជាន់ខ្ពស់អប់រំកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស/មន្ត្រីសរុបចំនួន១០០នាក់ និងថ្នាក់បណ្ឌិតអប់រំចំនួន២០នាក់ ដោយបែងចែកជាពីរក្រុម (១០នាក់ដែលមានពិន្ទុខ្ពស់បំផុតនឹងទទួលបានអាហារូបករណ៍១០០%សម្រាប់រយៈពេល៣ឆ្នាំពេញ ខណៈដែល១០នាក់ទៀតដែលមានពិន្ទុខ្ពស់បន្ទាប់ត្រូវបង់ថ្លៃសិក្សានៅឆ្នាំទី១ដោយខ្លួនឯង ហើយបើឆ្លងផុតឆ្នាំទី១ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តផ្តល់អាហារូបករណ៍នៅឆ្នាំទី២ និងទី៣)។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

*ទី១៖ សូមសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់សិក្សាស្រាវជ្រាវ និងប្រមូលយកចំណេះដឹង បទពិសោធន៍ថ្មីៗពីសំណាក់សាស្ត្រាចារ្យ និងអ្នកបង្វឹក ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពខ្លួនឯង។
*ទី២៖ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានទាំងនេះទៅអនុវត្តផ្ទាល់ក្នុងការដឹកនាំសាលារៀន និងការបង្រៀនក្នុងថ្នាក់ សំដៅឈានទៅសម្រេចបាននូវស្តង់ដាសាលារៀនគំរូនៅតាមមូលដ្ឋានសាលារៀនរៀងៗខ្លួន។
*ទី៣៖ ត្រូវរក្សាឱ្យបាននូវស្មារតីសហការ ការចេះជួយគ្នាទៅវិញទៅមក និងបន្តពង្រឹងវប្បធម៌នៃការសិក្សារៀនសូត្រអស់មួយជីវិត (Lifelong Learning) ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសម័យឌីជីថល។