ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសំណេះសំណាលប្រតិភូកីឡាកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាអាស៉ីលើកទី២០ នៅប្រទេសជប៉ុន


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រៀមនឹងចូលរួមប្រកួតកីឡាអាស៉ីលើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រតិភូកីឡាទាំងអស់ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងនាំយកមកនូវភាពជោគជ័យជូនដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ដែលនៅឈរក្នុងស្មារតីគាំទ្រ លើកទឹកចិត្តពីចម្ងាយ។

ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការកោតសរសើរ និងវ​ាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានរួមចំណែកក្នុងការធ្វើការវិស័យកីឡានៅប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនជាបន្ដបន្ទាប់ ព្រមទាំងបានលើកគុណតម្លៃកីឡាករ កីឡាការិនី និងបង្កើតនូវប្រវត្តិសាស្ដ្រថ្មីៗជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំហ្វឹកហាត់ ជំនាញថ្មីៗបន្ថែមទៀត ព្រោះការហ្វឹកហាត់សំខាន់បំផុតក្នុងវិស័យកីឡា។ លើសពីនេះ ត្រូវបំប៉នសុខភាពឲ្យបានរឹងមាំ និងថែរក្សាឲ្យបានល្អ តាមរយៈការហូបចុករបបអាហារឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ហើយជៀសវាងនូវការប្រើប្រាស់សារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់កីឡាករទាំងអស់ ត្រូវគោរពវិន័យ បទបញ្ញត្តិកីឡា ក្រមសីលធម៌ ខណៈទាំងអស់នេះ គឺជាកត្តាសំខាន់នាំមកនូវភាពជោគជ័យក្នុងការប្រកួតនីមួយៗ ហើយត្រូវចង់ចាំថា សកម្មភាពរបស់កីឡាករម្នាក់ គឺតំណាងប្រជាពលរដ្ឋកម្ពុជា១៧លាននាក់។ បន្ថែមពីនេះ ត្រូវបង្កើនសាមគ្គីភាព ភាតរភាព និងត្រូវចេះស្រលាញ់ជួយគ្នាទៅវិញទៅមក ហើយត្រូវខិតខំឲ្យអស់ពីសមត្ថភាពឈរលើស្មារតីសុទិដ្ឋិនិយម និងមិនត្រូវឲ្យការចង់ឈ្នះក្លាយជាភាពអាម៉ាស់សម្រាប់ជាតិ។

យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ី ជាបុព្វសិទ្ធិរៀបចំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្តល់សិទ្ធិរៀបចំការប្រកួត ដល់ប្រទេសជាសមាជិកចលនាអូឡាំពិកអាស៊ី រៀងរាល់៤ឆ្នាំម្តង ដែលឆ្នាំ២០២៦ ការប្រកួតកីឡាអាស៊ីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

ក្នុងនោះ ប្រតិភូកីឡាកម្ពុជា សរុបចំនួន១០៦រូប មាន១៤ប្រភេទកីឡា រួមមាន៖ ១៖ កីឡាហែលទឹក, ២៖ អត្តពលកម្ម, ៣៖ ប្រដាល់សកល, ៤៖ ជីជីតស៊ូ, ៥៖ យូដូ, ៦៖ ការ៉ាតេ, ៧៖ តេក្វាន់ដូWT, ៨៖ ទ្រីយ៉ាត្លុង, ៩៖ ចំបាប់, ១០៖ E-Sports, ១១៖ បាល់ទាត់លើតុ, ១២៖ គុនចម្រុះ, ១៣៖ ទូកក្ដោង និង១៤៖ សូហ្វតិន្នីស។ ក្នុងចំណោម ១៤ប្រភេទកីឡា មានប្រមាណ ៦ប្រភេទកីឡា មានសក្តានុពលខ្ពស់អាចឈានទៅ ស្វែងរកមេដាយ រួមមាន៖ ជីជីតស៊ូ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ការ៉ាតេដូ, យុទ្ធគុនចម្រុះ និង E-Sports៕