សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខយ៉ា​ងក្រៀមក្រំជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចំពោះមរណភា​ព មហា​ឧបាសិកា អ៊ាង សុផាត ត្រូវជាមាតាបង្កើត


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងក្រុមគ្រួសារ​ចំពោះមរណភា​ព មហា​ឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ ដែលបានទទួល​មរណភាព កាល​ពីថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.​២៥៧០ត្រូវនឹង​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០​២​​​៦ វេលាម៉ោង ១៨:៤៣​នាទី នៅប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។

សារលិខិតរំលែកទុក្ខមានខ្លឹមសារថា «ក្នុងវេលាដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ម្តាយបង្កើត មា្តយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់បំផុត ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាង ក្នុងការតស៊ូចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់ឱវាទល្អៗចំពោះកូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌ បានក្លាយជាបញ្ញវន្ត ជាថ្នាក់ដឹកនាំ ដែលជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ រហូតមកដល់បច្ចុប្បន្ននេះ។ លើសពីនេះទៅទៀត មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ ក៏ជាពុទ្ធសាសនិកជនគំរូមួយរូប ដែលតែងតែបានចូលរួមចំណែកកសាងសមិទ្ធផលសម្រាប់សង្គមជាច្រើន ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕