លោកហ៊ុន ម៉ាណែតៈ ការរៀបចំប្តឹងខ្ញុំ ពីបទ ភេរវកម្មអន្តរជាតិ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីកេងចំណេញនយោបាយ


ភ្នំពេញ: លោកហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងកាណាដា ជិត៣សប្តាហ៍ ជួបជាមួយប្រជាពលរដ្ឋខ្មែរ និងមន្ត្រីជាន់ខ្ពស់អាមេរិក និងកាណាដា ដើម្បីឲ្យគេបានយល់កាន់តែច្បាស់អំពីស្ថានការណ៍ពិតនៅកម្ពុជា ដែលវាខុសពីអ្វីដែលក្រុមអ្នកប្រឆាំងបានលើកឡើងនោះទេ។
លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា ដំណើរទស្សនកិច្ចនៅអាមេរិក និងកាណាដា ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងដំណើរទស្សនកិច្ចជិត៣សប្តាហ៍ ក្រុមការងារបានសម្រេចនូវលទ្ធផលជោគជ័យ ទៅតាមកម្មវិធីដែលបានគ្រោងទុក គឺបានប្រព្រឹត្តទៅដោយយរលូន និងទទួលបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលរស់នៅទីនោះ ទាំងនៅអាមេរិកនិងកាណាដា។ ការសម្រេចជោគជ័យដ៏ធំនោះ គឺបានធ្វើទៅលើលទ្ធផល៣ គឺទី១.ការជួបជុំជាមួយប្រជាពលរដ្ឋខ្មែរដែលនៅទីនោះរាប់ពាន់នាក់ដែលបានចូលរួមស្វាគមន៍ ក៏ដូចជាអបអរសាទរនូវស្មារតីរួមគ្នា ស្រលាញ់គ្នា អបអរសាទរបុណ្យចូលឆ្នាំខ្មែរជាមួយគ្នាយ៉ាងកក់ក្តៅ សប្បាយរីករាយ។ ទី២.បានចូលរួមនៅក្នុងការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាស្ថានភាពផ្សេងៗរបស់ប្រទេសជាតិ ជូនដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋអាមេរិក និងកាណាដា ដើម្បីឲ្យគាត់បានយល់ និងទាក់ទាញ ឲ្យគាត់ចាប់អារម្មណ៍នៅក្នុងការវិនិយោគ និងទេសចរណ៍ផ្សេងៗ នៅកម្ពុជា។ ទី៣.ក្រុមការងារបានជូបនិងធ្វើការងារជាមួយថ្នាក់ដឹកនាំ កំពូលរបស់បណ្តារដ្ឋផ្សេងៗ នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាថ្នាក់ដឹកនាំជាតិ នៅកាណាដា ដើម្បីពិភាក្សានូវការពង្រឹងទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម ក៏ដូចជាការសុំជាឱកាសដើម្បីផ្តល់អាហារូបករណ៍បន្ថែមឲ្យនិស្សិតខ្មែរយើងបានទៅរៀននៅកាណាដា និងសុំជាទិដ្ឋាធិការឲ្យកាណាដា ពិចារណាទៅលើករណី នៅក្នុងផ្តល់ទិដ្ឋាធិការការងារដើម្បីឲ្យប្រជាជនខ្មែរបានមានឱកាសទៅធ្វើការនៅប្រទេសកាណាដា ក្នុងរយៈពេលខ្លីណាមួយ។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក គឺភាគច្រើនគេបានដឹងអំពីស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា ដូចជា នៅរដ្ឋវ៉ាស៊ីនតោន គឺមានសមាជិកព្រឹទ្ធសភា ដែលធ្លាប់បានធ្វើទំនាក់ទំនង និងបានមកកាន់ប្រទេសកម្ពុជា គឺគាត់បានយល់ពីកម្ពុជា និងបានកោតសរសើរចំពោះកម្ពុជានៅក្នុងសម័យបច្ចុប្បន្ន ចេញពីសង្គ្រាម រហូតយើងមានសុខសន្តិភាពពេញលេញ និងឱកាសនៅក្នុងអភិវឌ្ឍន៍ប្រទេស និងសិទ្ធិសេរីភាពប្រជាជន។ ជាមួយគ្នានេះ លោកក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់បណ្តាប្រទេសនីមួយៗ ដោយបានពិភាក្សាគ្នាទៅលើប្រធានបទជាច្រើន ទាក់ទងនិងស្ថានភាពនយោបាយ ក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
លោកបន្តថា ចំពោះប្រជាពលរដ្ឋកម្ពុជា គឺការជួបជុំគ្នាបាយសាមគ្គី និងការជួបជុំគ្នាដោយឡែកផ្សេងទៀត គឺជាឱកាសសម្រាប់លោកផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅស្ថានភាពប្រទេសកម្ពុជា ដែលទាក់ទងទៅនិងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ ហើយអ្វីដែលលោកផ្តល់ព័ត៍មានជូនប្រជាពលរដ្ឋ គឺស្ថានភាពជាក់ស្តែង ហើយប្រជាពលរដ្ឋយកព័ត៍មានទាំងនេះ ទៅធ្វើការវិនិច្ឆ័យ។
លោកហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក គឺមានអ្នករៀបចំធ្វើបាតុកម្មប្រឆាំងលោក ដោយបានឲ្យប្រជាពលរដ្ឋជេរប្រមាថប្រើពាក្យអសុរោះផ្សេងៗ ទៅដល់អ្នកចូលរួមនៅក្នុងកម្មវិធីជាមួយលោក។ ហើយការធ្វើបាតុកម្មនេះ គឺជារូបភាពដូចគ្នា ខ្លឹមសារដូចជា ដោយរៀបចំឡើងពីសំណាក់មនុស្សមួយក្រុមតូច ដែលជាសកម្មជនគណបក្សប្រឆាំង។ ប៉ុន្តែគោលបំណងរបស់មនុស្សមួយក្រុមនោះ មិនទទួលបានជោកជ័យទេ។ ហើយដំណើរទស្សនកិច្ចរបស់លោកមានអ្នកគាំទ្រច្រើនរាប់ពាន់នាក់ និងមានចំនួនលើសលប់ ជាងអ្នកធ្វើបាតុកម្ម។
ទាក់ទងទៅនិងព័ត៍មានថា មានការប្តឹងលោកហ៊ុន ម៉ាណែត ពីបទភេរវកម្មអន្តរជាតិ ត្រូវបានលោកហ៊ុន ម៉ាណែត បញ្ជាក់ថា “គេប្តឹងពីបទភេរវកម្មអន្តរជាតិ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីកេងចំណេញនយោបាយ ហើយខ្ញុំគ្រាន់តែបានឮតាមព័ត៍មានថា មានការប្តឹងខ្ញុំប៉ុន្មានចំណុចរួមទាំងភេរវកម្មអន្តរជាតិ បើថា ជ្រុលជាប្តឹងដាក់រឿងអីដែលវាសមហេតុផងទៅ…ខ្ញុំគិតថា ការប្តឹងកន្លងមកនេះ គ្មានមូលដ្ឋានច្បាស់លាស់ គឺគ្រាន់តែជាការរៀបចំដើម្បីកេងចំណេញនយោបាតែប៉ុណ្ណោះ គ្មានមូលដ្ឋានច្បាស់លាស់ទេ”។ ដោយលោកបានលើកឡើងថា មានការបង្កើតរឿងច្រើន នៅពេលដែលលោកទៅក្រៅប្រទេស និងបង្កើតព័ត៍មានថា ចាប់លោកមិនឲ្យចេញពីអាមេរិក ហើយបើគេឃាត់លោកមែននោះ មិនមែនលោកមកដល់កម្ពុជាវិញទេ៕