កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបូកសរុប “ចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១” ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធររាជធានី-ខេត្ត តំណាងផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងស្របពេលដែលក្រសួងទេសចរណ៍បានកំណត់យក “ឆ្នាំ២០១៧ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស” និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យ ឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅ ថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង “រមណីយដ្ឋានស្អាត” នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យ “កម្ពុជាស្អាត កម្ពុជាបៃតង” ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជម្រុញនូវយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”នេះ ដោយបានរៀបចំអោយមានរួចហើយនូវការជូនជ័យលាភី “ទីក្រុងស្អាត” និងជ័យលាភី “សេវាល្អ បដិសណ្ឋារកិច្ចល្អ”ក្រោមឆ័ត្រនៃរង្វាន់ពិសេស “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” ហើយថ្ងៃនេះក្រសួងទេសចរណ៍ប្រកាសលទ្ធផលរមណីយដ្ឋានស្អាត ក្រោមការប្រលងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី១។
គួរបញ្ជាក់ថា សម្រាប់ការប្រលងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី១នេះ មានរមណីយដ្ឋានទេសចរណ៍ ចូលរួមចំនួន ៣៣ មកពី ១៧រាជធានី-ខេត្ត ហើយជាលទ្ធផលរមណីយដ្ឋានទេសចរណ៍ចំនួន ២២ បានជាប់ជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨នេះ។
ជាលទ្ធផល អង្គសិក្ខាសាលាបានឯកភាពដាក់ចេញនូវទិសដៅគន្លឹះសំខាន់ៗ ដូចខាងក្រោម៖
ចំពោះការវិយោគរមណីយដ្ឋានទេសចរណ៍ គឺត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍គ្រប់ប្រភេទ ជារមណីយដ្ឋានដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងសង្គម ដោយក្រសួងទេសចណ៍នឹងរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិឆ្ឆ័យសម្រាប់វាយតំលៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន ទេសចរណ៍។ ព្រមជាមួយនេះ មន្ទីទេសចរណ៍រាជធានីខេត្ត ត្រូវខិតខំជំរុញអោយគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ទាំងរមណីយដ្ឋានគ្រប់គ្រងដោយរដ្ឋ ឯកជន និងសហគមន៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ (Site Manager) និងមានការចាត់តាំងនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ (DMO- Destination Management Organization) និងត្រូវជំរុញឲ្យគ្រប់រមណីយដ្ឋានទាំងអស់មានផែនការមេ (Master Plan) អភិវឌ្ឍច្បាស់លាស់ ដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍នឹងរៀបចំស្តង់ដាកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ (Curriculum for Tourist Resort Management) និងស្តង់ដាសម្រាប់រមណីយដ្ឋានប្រភេទផ្សេងៗដូចជា រមណីយដ្ឋានកសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ផ្សេងព្រេង រមណីយដ្ឋានអេកូទេសចរណ៍ជាដើម ជាពិសេសស្តង់ដារមណីយដ្ឋានបៃតងដើម្បីគាំទ្រដល់ចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនេះនៅឆ្នាំក្រោយទៀត។
ចំពោះបញ្ហាបរិស្ថានអនាម័យ ត្រូវខិតខំរក្សាអោយបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុនៅតាមភោជនីយដ្ឋាននានា ក្រោមយុទ្អនាការ “រមណីយដ្ឋានខ្ញុំ គ្មានទេសំរាមក្រៅធុង” ហើយម្ចាស់គ្រប់គ្រងរមណីយដ្ឋានទាំងអស់ត្រូវតែសរសេរពាក្យអប់រំមិនអោយបោះសំរាមចោលផ្តេសផ្តាសខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកំសាន្តឲ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងត្រូវរៀបចំជាក្រមប្រតិបត្តិអំពីប្រការគួរធ្វើ និងមិនគួរធ្វើដើម្បីផ្សព្វផ្សាយទៅដល់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
ចំពោះបញ្ហាសន្តិសុខ-សុវត្ថិភាព គ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន (Information) និងស្លាកសញ្ញាបង្ហាញទីតាំងនានា (Communication) ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម និងត្រូវសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរ (Tourism Management Flow) ឲ្យបានច្បាស់លាស់។