សម្តេចភក្តីសាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តបទុមវតី រាជវរារាម


ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ថ្លៃថ្លា ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគេនចង្ហាន់ និងបច្ច័យបួនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ឆ្នាំនេះ ចាប់ពីរសៀលថ្ងៃទី៩ និងព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលកាន់បិណ្ឌវេនទី១៤ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីទំនុកបម្រុងចង្ហាន់ និងបច្ច័យបួនប្រគេនព្រះសង្ឃតាមគន្លង និងប្រកបដោយបសាទសទ្ធាជ្រះថ្លាបំផុតក្នុងព្រះពុទ្ធសាសនា។

នៅនាឱកាសនេះដែរសម្តេចភក្តី និងលោកជំទាវ សូមឧទ្ទិសថ្វាយ ប្រគេន និងជូនមគ្គផល កុសលផលបុណ្យទាំងឡាយ ចំពោះសម្តេច ព្រះថេរានុថេរៈ ព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តគ្រប់ៗគ្នាទាំងអស់ ដែលបានអញ្ជើញមកចូលរួមពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តបទុមវតី នាពេលនេះ និងសូមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយរួមមានមាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងយុទ្ធជន ប្រជាជនអ្នកស្នេហាជាតិមាតុភូមិទាំងអស់ ជាពិសេសវីរៈកងទ័ពដែលពលីលើសមរភូមិក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នាពេលថ្មីៗកន្លងទៅនេះ ហើយក៏ជាការរួមចំណែកលើកតម្កើងប្រពៃណីជាតិខ្មែរឱ្យបានរុងរឿងចិរកាលតទៅផងដែរ ៕