មន្រ្តីជាន់ខ្ពស់សង្គមកិច្ច ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល នាយទាហាននិងពលទាហាន កំពុងបំពេញភារកិច្ចនៅខេត្តស្ទឹងត្រែង


ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏មានអត្ថន័យជ្រាលជ្រៅ និងជាពេលវេលានៃការជួបជុំគ្រួសារ ការចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់នាយទាហាន និងពលទាហានដែលកំពុងបំពេញភារកិច្ចនៅខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ក្តីនឹករលឹក និងការគោរពដឹងគុណចំពោះការលះបង់របស់បងប្អូនកងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ដោយមានការអនុញ្ញាត និងការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់នាយទាហាន និងពលទាហានដែលកំពុងបំពេញភារកិច្ចនៅខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ក្តីនឹករលឹក និងការគោរពដឹងគុណចំពោះការលះបង់របស់បងប្អូនកងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងសូមសម្តែងនូវការកោតសរសើរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ លោកបាន លើកទឹកចិត្តឱ្យបងប្អូនបន្តរក្សាសាមគ្គីភាព ស្មារតីទទួលខុសត្រូវ និងភាពរឹងមាំក្នុងការបំពេញតួនាទី ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពរបស់ខ្លួនជាប្រចាំ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ក្នុងន័យលើកទឹកចិត្តថា៖ «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ទោះបីបងប្អូនមិនអាចនៅក្បែរក្រុមគ្រួសារ កូនៗ ឪពុកម្តាយ ឬមនុស្សជាទីស្រឡាញ់ក៏ដោយ សូមបងប្អូនជឿជាក់ថា ក្តីនឹករលឹក និងការគោរពដឹងគុណចំពោះបងប្អូន គឺតែងតែមាននៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរ។ ការលះបង់របស់បងប្អូនមិនមែនជារឿងតូចតាចឡើយ ហើយការខិតខំបំពេញភារកិច្ចរបស់បងប្អូនក៏មិនត្រូវបានបំភ្លេចដែរ។ នាពេលដ៏មានអត្ថន័យនេះ ការចុះសួរសុខទុក្ខមិនត្រឹមតែជាការជួបជុំ និងសំណេះសំណាលតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការនាំយកនូវភាពកក់ក្តៅផ្លូវចិត្ត និងសារនៃការដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះបងប្អូនកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមអង្គភាព និងតំបន់ទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន។ នៅពេលដែលប្រជាពលរដ្ឋជួបជុំគ្រួសារ បងប្អូនកងទ័ពនៅតែឈរជើងដោយកិត្តិយស និងការទទួលខុសត្រូវ។ នៅពីក្រោយឯកសណ្ឋានកងទ័ព គឺជាបេះដូងរបស់កូនប្រុស កូនស្រី ឪពុក ម្តាយ ប្តី ប្រពន្ធ និងជាសមាជិកគ្រួសារដែលមានក្តីស្រឡាញ់ និងការនឹករលឹកដូចមនុស្សគ្រប់រូប។ ការមិនអាចត្រឡប់ទៅជួបជុំមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យប្រពៃណីជាតិ អាចនាំមកនូវក្តីនឹករលឹក ប៉ុន្តែការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីបំពេញភារកិច្ច គឺជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវដ៏មានតម្លៃ។ សូមបងប្អូនបន្តមានស្មារតីរឹងមាំ ថែរក្សាសុខភាព សាមគ្គីភាព និងជឿជាក់លើតម្លៃនៃភារកិច្ចដែលខ្លួនកំពុងបំពេញ។ សូមឱ្យបងប្អូនគ្រប់រូបមានសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន ហើយសូមឱ្យថ្ងៃដែលបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ពោរពេញដោយស្នាមញញឹម ភាពកក់ក្តៅ និងសុភមង្គល»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងការគាំពារសង្គម ដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងការបន្តលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃការលះបង់ដើម្បីជាតិ។ ការថែទាំ និងការគាំទ្រដល់អ្នកដែលបានបំពេញភារកិច្ចបម្រើជាតិ គឺជាការបង្ហាញពីស្មារតីដឹងគុណ និងការទទួលខុសត្រូវរួមរបស់សង្គម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមមាន៖
-អង្ករ ៣តោន
-ទឹកក្រូច ៥០កេស
-ទឹកសុទ្ធ ១០០កេស
-មី ១០០កេស
-ត្រីខ ២០កេស
-ទឹកត្រី ១០០យួរ
-ទឹកស៊ីអ៊ីវ ១០០យួរ
-ថ្នាំពេទ្យ ១៥កេស
-ឧបត្ថម្ភថវិកាចំនួន១០,០០០,០០០រៀល ដល់ទីបញ្ជាការយោធភូមិភាគទី១
-ឧបត្ថម្ភថវិកាយោធិនចំនួន២១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល។

គួរបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការចែករំលែកក្តីនឹករលឹក និងការដឹងគុណចំពោះបងប្អូនកងទ័ព ដែលបន្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងកិត្តិយស។ ទោះបីបុណ្យភ្ជុំបិណ្ឌនាំឱ្យយើងនឹកដល់ផ្ទះ និងក្រុមគ្រួសារយ៉ាងណាក៏ដោយ ក៏ក្តីស្រឡាញ់ ការគោរព និងការដឹងគុណចំពោះអ្នកដែលបំពេញភារកិច្ចជូនជាតិ មិនដែលឆ្ងាយពីដួងចិត្តរបស់យើងឡើយ៕