ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនវីរកងទ័ព និងវីរនគរបាលឈរជើងតាមព្រំដែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារៈពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួន ផ្តល់ជូនដល់វីរកងទ័ព និងវីរនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត។

ពិធីនេះធ្វើឡើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះកងកម្លាំងដែលបានលះបង់ដើម្បីជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរកងទ័ពកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារមាតុភូមិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វីរកងទ័ព គឺជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកពីការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាននានា ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងនេះ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិបាលខេត្ត រួមទាំងប្រតិភូ បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន៕