ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរោងដំរី ស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ប្រកបដោយសទ្ធាជ្រះថ្លា។
ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម សួន សុម៉ាលីន និងលោកស្រី ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីមាតុភូមិ។ នេះជាការបង្ហាញនូវការដឹងគុណ និងការចងចាំជានិច្ចចំពោះវីរភាពរបស់ពួកគាត់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ២២ ០២០ ០០០រៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តរោងដំរី ឱ្យកាន់តែមានការរីកចម្រើន និងស្រស់បំព្រង។ កាយវិការដ៏សប្បុរសធម៌នេះ មិនត្រឹមតែបានរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះការអភិវឌ្ឍន៍សង្គមជាតិទាំងមូល៕



























