ក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយក្តីនឹករលឹក នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមួយក្រុមការងារមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកក្រគរ ចំនួន២៥៤នាក់ និងស្រុកកណ្តៀង ចំនួន១៧២នាក់។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ចំពោះអង្គភាព។ ត្រូវគិតថាសាមគ្គីភាព គឺជាកម្លាំងចលករដ៏ខ្លាំងក្លា និងជាគ្រឹះមិនអាចខ្វះបានក្នុងការសម្រេចបានជោគជ័យលើគ្រប់ភារកិច្ច ទាំងការអភិវឌ្ឍមូលដ្ឋាន និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងផងដែរថា ក្រៅពីកិច្ចការងារចុះជួយ និងដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្រុមការងារតែងតែឆ្លៀតឱកាសរៀបចំកម្មវិធីជួបសំណេះសំណាល ជាមួយមន្ត្រីរដ្ឋបាលស្រុកទាំងពីរ ឱ្យបាន២ដងក្នុងមួយឆ្នាំ ជាទៀងទាត់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងបង្កើតបរិយាកាសកក់ក្តៅ ប្រៀបបីដូចជាសមាជិកក្នុងគ្រួសារតែមួយ។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានធ្វើការអំពាវនាវយ៉ាងទទូចដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួបរួមពួតដៃគ្នាគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី និងតាមរយៈយន្តការច្បាប់អន្តរជាតិ ដោយបានគូសបញ្ជាក់ថា៖ «យើងមិនត្រូវការសង្គ្រាម តែក៏មិនអនុញ្ញាតឱ្យសត្រូវមកឈ្លានពានទឹកដីកម្ពុជាឡើយ!»។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា សូមជូនពរដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមគ្រួសារសាច់ញាតិទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ទទួលបាននូវសិរីសួស្តី ជ័យសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យការធ្វើដំណើរទៅលេងស្រុកកំណើត ឬជួបជុំបងប្អូនប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា៕








































