ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខេត្តកំពង់ចាម បានទាក់ទាញភ្ញៀវទេសចរ ១៥១.៤០៤នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត។
ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ ភ្ញៀវទេសចរជាតិមានចំនួន ១៥១.៣៦១នាក់ ដែលបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ក្នុងស្រុក និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទាន និងលំហែកាយនៅតាមបណ្តាខេត្តនានា។ រីឯភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានចំនួន ៤៣នាក់ ដែលបានមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តកំពង់ចាម។
ជុំវិញរឿងសុខសុវត្ថិភាព អាជ្ញាធរខេត្តកំពង់ចាម បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវបរិយាកាសរីករាយ និងគ្មានការព្រួយបារម្ភសម្រាប់ភ្ញៀវទេសចរទាំងអស់។ ជាលទ្ធផលក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ នេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍របស់ខេត្តកំពង់ចាម ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលបាននិងកំពុងងើបឡើងវិញក្រោយវិបត្តិនានា៕






















