នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃសុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សក្រៃលេង ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម មីខាអៀល ហ្សាប់ប៉ារ៉ូវ គណៈប្រតិភូជាន់ខ្ពស់អាស៊ែបៃហ្សង់ និងធុរកិច្ចវិនិយោគិនទាំងអស់។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសយើងទាំងពីរ និងសភាពាណិជ្ជកម្ម ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានដ៏កុះកររបស់ថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តនិងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់វិស័យឯកជន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសយើងទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍សកលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលការនេះកំពុងជំរុញឲ្យមានការរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិបទនេះកម្ពុជានិងអាស៊ែបៃហ្សង់ នៅតែប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រើប្រាស់ឧត្តមភាពដើម្បីបំពេញគ្នាទៅវិញទៅមក ខណៈទំនាក់ទំនងទ្វេភាគីទាំងពីរកំពុងទទួលបាន សន្ទុះក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមរំលឹកពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ អាស៊ែបៃហ្សង់ កាលពីខែមេសា ឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចនេះបានកសាង មូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះឯកឧត្តមប្រធានាធិបតី អាលីយ៉េវ និងសម្តេច បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើង និងស្វែងរកមធ្យោបាយថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន សម្រាប់ពង្រីកបន្ថែម។ ក្នុងន័យនេះយើងគួរផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មមុខទំនិញ និងសេវាកម្ម សម្រាប់ការធ្វើពាណិជ្ជកម្ម និងការជំរុញ ការផ្លាស់ប្តូរធុរកិច្ចទៅធុរកិច្ច និងស្វែងរកវិស័យថ្មីៗនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យសាធារណៈ និងឯកជន កម្ពុជា និងអាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញលេញរបស់យើង និងកសាងភាពជាដៃគូដែលមានភាពរស់រវើក និងផលប្រយោជន៍ទៅវិញទៅមក។ ចំពោះការវិនិយោគ ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើង អំពីបរិយាកាសធុរកិច្ច និងឱកាសរបស់ប្រទេសទាំងពីរ។ វេទិកាធុរកិច្ចនាថ្ងៃនេះផ្តល់នូវវេទិកាដ៏ល្អប្រសើរមួយដើម្បី បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងអាស៊ែបៃហ្សង់ មានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឲ្យគ្នាទៅវិញទៅមក ដែលផ្តល់សក្តានុពលយ៉ាងខ្លាំងក្លាសម្រាប់ សហស្ថានភាពពាណិជ្ជកម្ម។ ខណៈដែលអាស៊ែបៃហ្សង់ មានភាពលេចធ្លោក្នុងវិស័យថាមពល គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កម្ពុជាមានវិស័យកម្មន្តសាល ប្រកបដោយចីរភាព វិស័យកសិកម្មដ៏ល្អប្រសើរ កម្លាំងពលកម្មវ័យក្មេង ដែលងាយសម្របខ្លួន ការចាប់យកថាមពលស្អាតកាន់តែច្រើន និងការទទួលបានអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈដែលកម្ពុជា និងអាស៊ែបៃហ្សង់ កំពុងចាប់ផ្តើមទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សូមលើកឡើងពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចខាងក្រោម៖
ទី១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ កម្លាំងពលកម្មរបស់កម្ពុជាមានវ័យក្មេង ថាមវន្ត រៀនសូត្របានលឿន និងប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងស្ទាត់ជំនាញ ដោយ៦០% នៃប្រជាជនមានអាយុក្រោម ៣៥ឆ្នាំ។
ទី២. បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត៖ បរិយាកាសធុរកិច្ចរបស់កម្ពុជាមានលក្ខណៈសេរី និងផ្តោតលើវិនិយោគិន ដោយផ្តល់ការលើកទឹកចិត្ត សំបូរបែប និងតាមតម្រូវការរហូតដល់១២ឆ្នាំនៃការលើកលែងពន្ធ និងអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០% ដោយគ្មានការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ ឬដើមទុន។ រាជរដ្ឋាភិបាលក៏បានអនុវត្តកំណែទម្រង់ រួមទាំងកាត់បន្ថយបទប្បញ្ញត្តិស្មុគស្មាញផ្សេងៗ និងការលើកកម្ពស់តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាច្រកចេញចូលតែមួយសម្រាប់ការដាក់ពាក្យស្នើសុំវិនិយោគ។
ទី៣. ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល៖ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពជោគជ័យបន្តរបស់វិនិយោគិន រួមទាំងតាមរយៈសេវាកម្មថែទាំក្រោយការវិនិយោគដែលផ្តល់ដោយ CDC និងការរៀបចំនូវយន្តការប្រឹក្សាយោបល់ជាប្រចាំដើម្បីដោះស្រាយកង្វល់របស់វិនិយោគិន។ យន្តការទាំងនេះរួមមានវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ក៏ដូចជាកិច្ចសន្ទនាពិគ្រោះប្រឹក្សាយោបល់រវាង CDC និងសមាគមធុរកិច្ចបរទេស និងស្ថានទូតនានា។
ទី៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់៖ ស្ថិតនៅចំកណ្តាលអាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ការដឹកជញ្ជូន ឡូជីស្ទីកប្រកបដោយភាពងាយស្រួល និងតម្លៃសមស្របនៅក្នុងតំបន់។ ការវិនិយោគដ៏ច្រើនរបស់យើងលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន រួមទាំងការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបន្ថែមទៀត និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច។
ទី៥. ការទទួលបានទីផ្សារក្នុងតំបន់ និងសកល៖ ក្នុងនាមជាសមាជិកអាស៊ាន និងជាអ្នកចូលរួមក្នុង RCEP កម្ពុជាផ្តល់នូវលទ្ធភាពយ៉ាងទូលំទូលាយ ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់ដែលកំពុងមានការរីកចម្រើន បន្ថែមពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយអារ៉ាប់រួម កាន់តែពង្រីកអត្ថប្រយោជន៍ទីផ្សារបន្ថែមទៀត។
ទី៦. ចីរភាពថាមពល និងកំណើនបៃតង៖ កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះថាមពលប្រកបដោយចីរភាព។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាសម្រេចបាន ៦៣% នៃការប្រើប្រាស់ថាមពលកកើតឡើងវិញ។ យើងមានគោលបំណងសម្រេចបានគោលដៅ ៧០% នៅឆ្នាំ២០៣០ និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ គឺជាសមាសធាតុសំខាន់នៃផែនការនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងអាស៊ែបៃហ្សង់មានសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកមកនៅឡើយ សម្រាប់ការពង្រីកភាពជាដៃគូ សេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់ប្រជាជាតិនិមួយៗ។ គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ នៅពេលដែលយើងមានចក្ខុវិស័យរួមសម្រាប់ ការរីកចម្រើន និងវិបុលភាពរួមគ្នា។ ខ្ញុំចង់ឃើញការពិភាក្សានៅថ្ងៃនេះប្រែទៅជាលទ្ធផលជាក់ស្តែង រួមទាំងដំណើរទស្សនកិច្ចធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងផ្លូវការ និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ ឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ។ ជាចុងក្រោយ ខ្ញុំសូមជូនពរឱ្យវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតបាននូវភាពជាដៃគូ គម្រោងវិនិយោគ និងកាលានុវត្តភាព ធុរកិច្ចថ្មីៗ សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕






























