សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ


នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ អាស៊ែបៃហ្សង់ កាលពីខែមេសា ឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចនេះបានកសាង មូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំសូមរំលឹកពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ អាស៊ែបៃហ្សង់ កាលពីខែមេសា ឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចនេះបានកសាងមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ»។

ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រធានាធិបតី អាលីយ៉េវ និងសម្តេច បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើង និងស្វែងរកមធ្យោបាយថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះបីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន សម្រាប់ពង្រីកបន្ថែម។ ក្នុងន័យនេះយើងគួរផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មមុខទំនិញ និងសេវាកម្ម សម្រាប់ការធ្វើពាណិជ្ជកម្ម និងការជំរុញ ការផ្លាស់ប្តូរធុរកិច្ចទៅធុរកិច្ច និងស្វែងរកវិស័យថ្មីៗនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យសាធារណៈ និងឯកជន កម្ពុជា និងអាស៊ែបៃហ្សង់ អាចទាញស្តារសក្តានុពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញលេញ របស់យើង និងកសាងភាពជាដៃគូដែលមានភាពរស់រវើក និងផលប្រយោជន៍ទៅវិញទៅមក។ ចំពោះការវិនិយោគ ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើង អំពីបរិយាកាសធុរកិច្ច និងឱកាសរបស់ប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វេទិកាធុរកិច្ចនាថ្ងៃនេះផ្តល់នូវវេទិកាដ៏ល្អប្រសើរមួយដើម្បី បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងអាស៊ែបៃហ្សង់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា​កម្ពុជា និងអាស៊ែបៃហ្សង់ មានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក ដែលផ្តល់សក្តានុពលយ៉ាងខ្លាំងក្លាសម្រាប់សហស្ថានភាពពាណិជ្ជកម្ម។ ខណៈដែលអាស៊ែបៃហ្សង់ មានភាពលេចធ្លោក្នុងវិស័យថាមពល គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កម្ពុជាមានវិស័យកម្មន្តសាល ប្រកបដោយចីរភាព វិស័យកសិកម្មដ៏ល្អប្រសើរ កម្លាំងពលកម្មវ័យក្មេង ដែលងាយសម្របខ្លួន ការចាប់យកថាមពលស្អាតកាន់តែច្រើន និងការទទួលបានអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមានពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងការអប់រំ។ ដំណើរទស្សនកិច្ចនោះបានបើកទំព័រថ្មីមួយសម្រាប់ការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ការរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនេះ គឺដើម្បីបញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ ដែលបានបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន។ វាជាសក្ខីភាពមួយដែលបង្ហាញថា កម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ នឹងកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕