បន្ទាប់ពីខកខានប្រារព្ធកាលពីឆ្នាំកន្លងទៅ! ពិធីប្រណាំងទូកថ្នាក់ខេត្ត ត្រូវបានចាប់ដំណើរការឡើងវិញយ៉ាងអធិកអធមនៅក្នុងឆ្នាំ២០២៦នេះ ដើម្បីចូលរួមអបអរសាទរ «ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រដ្ឋបាលខេត្តបានចាប់ផ្តើមទទួលពាក្យស្នើសុំចូលរួមប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាកំហិត។
ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពស្គ្រឹកស្គ្រេង រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូន និងអំពាវនាវដល់ ព្រះមេគណទាំង២គណៈ, ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, ព្រះគ្រូចៅអធិការវត្តគ្រប់វត្តទូទាំងខេត្ត, ឯកឧត្តម លោកជំទាវ, លោកឧកញ៉ា, លោកស្នងការ, លោកមេបញ្ជាការនៃកងកម្លាំងទាំង៣, លោកអភិបាលក្រុង-ស្រុកទាំង៧, ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ដែលមានបំណងដាក់ទូកចូលរួមប្រកួត ប្រញាប់ទំនាក់ទំនងរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
បេក្ខជន ឬអង្គភាពទាំងអស់អាចមកទំនាក់ទំនង និងទទួលព័ត៌មានលម្អិតដោយផ្ទាល់នៅ រដ្ឋបាលខេត្តពោធិ៍សាត់ ឬតាមរយៈប្រព័ន្ធទូរស័ព្ទ (Telegram)៖
០១២ ៩០៣ ០០៤
០៨៨ ៩៩៩ ៣២៨៧
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រពៃណីជាតិមួយនេះ កាន់តែមានភាពកើនឡើងនូវបរិយាកាសសប្បាយរីករាយ និងកក់ក្តៅបំផុត៕



































