(ភ្នំពេញ)៖ រៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ដ៏មហោឡារិក ដើម្បីអបអរសាទរការបញ្ចប់កម្មវិធីថ្ងៃដំបូង នៃវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» (AI for Climate Action Forum 2026) ត្រូវបានប្រារព្ធឡើង នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក គីម ជុនម៉ូ (Mr. Kim Junmo) នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានលើកឡើងក្នុងនាម ជាដៃគូរៀបចំដ៏សំខាន់ ជាមួយគណៈកម្មាធិការបច្ចេកវិទ្យានៃអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC TEC) និងក្រសួងបរិស្ថានកម្ពុជា លើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីការរួមគ្នាបោះជំហានទៅមុខ ក្នុងការទទួលយកបច្ចេកវិទ្យា ឌីជីថលជំនាន់ថ្មី ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ ឆ្លើយតបជាសកលទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរ ចំពោះលទ្ធផលផ្លែផ្កាជាវិជ្ជមាន នៃកិច្ចពិភាក្សាពេញមួយថ្ងៃទី១ ដែលផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយបច្ចេកវិទ្យា AI ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ កម្មវិថី Gala Dinner ក៏ជាឱកាសល្អថែមទៀត ក្នុងការរឹតចំណងមិត្តភាព និងជំរុញឱ្យមានការវិនិយោគបន្ថែម លើបច្ចេកវិទ្យាបៃតងរវាងកម្ពុជា និងដៃគូអន្តរជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AI for Climate Action Forum 2026 រៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិផ្នែកបច្ចេកវិទ្យា នៃ UNFCCC ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈប្រតិភូភាគីពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អ្នកបង្កើតគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងប្រទេសដែនកោះតូចៗ (SIDS) មកពីជុំវិញពិភពលោក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
វេទិការអន្តរជាតិនេះ ផ្តល់ឱកាសដល់អ្នកចូលរួម ធ្វើការពិភាក្សា លើប្រធានបទសំខាន់ៗរួមមាន ការលើកកម្ពស់ដំណោះស្រាយ ដែលបង្កើតឡើង ដោយបណ្តាប្រទេសងាយរងគ្រោះ ឱកាស ហានិភ័យ និងបញ្ហាប្រឈមនៃ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីAI ក្នុងការរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕












































