នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅអាស៊ែបៃហ្សង់ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។
ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។
សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន, ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ជាដើម៕

