អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុងស្រុកទាំង៥


(ឧត្តរមានជ័យ)៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកស្រី ត្រាន់ សុគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង និងដំណើរការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត ព្រមទាំងការចុះបញ្ជីជីវមាត្ររបស់អ្នកបោះឆ្នោត នៅតាមបណ្តាក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តការងារ និងធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប. ដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់លើការផ្តល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យទទួលបានសេវាប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិជាពលរដ្ឋរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត និងទុកចិត្ត ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

គួរបញ្ជាក់ថា យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

ដោយឡែក នៅទូទាំងខេត្តឧត្តរមានជ័យ មានការិយាល័យសរុបចំនួន ៤១៤ ការិយាល័យ ដែលកំពុងបើកបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសដល់អ្នកមានសិទ្ធិបោះឆ្នោតបានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន និងចុះឈ្មោះបោះឆ្នោតតាមការកំណត់៕