ឯកឧត្តម វ៉ី សំណាង៖ ជ័យលាភី ក្រុងទេសចរណ៍គ្មានផ្សែងបារី គ្រាន់តែជាជំហានចាប់ផ្តើម ប៉ុន្តែការរក្សានិរន្តរភាព ទើបជាភារកិច្ចសំខាន់


តាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់ពានរង្វាន់ជ័យ លាភីដល់ ក្រុងដូនកែវ ជា “ក្រុងទេសចរណ៍គ្មានផ្សែងបារី” ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ការទទួលបានជ័យលាភីនាថ្ងៃនេះ គឺជាជំហានចាប់ផ្តើមដ៏សំខាន់មួយ ប៉ុន្តែការរក្សាបាននូវគុណតម្លៃនៃ “ក្រុងទេសចរណ៍គ្មានផ្សែងបារី” ឱ្យមាននិរន្តរភាព និងកាន់តែប្រសើរឡើងថែមទៀតនោះ គឺជាភារកិច្ចមួយដែលកាន់តែមានសារៈសំខាន់ និងប្រឈម ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្សែងបារីមិនត្រឹមតែបំផ្លាញសុខភាពរបស់អ្នកជក់ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់សុខភាពសាធារណៈ ជាពិសេសអ្នកដែលនៅជុំវិញខ្លួនដែលស្រូបផ្សែងបារី ដោយប្រយោលផងដែរ។ ហេតុដូច្នេះ ការបង្កើតបរិស្ថានគ្មានផ្សែងបារីនៅតាមទីសាធារណៈ រមណីយដ្ឋាន និងគ្រឹះស្ថាននានា គឺជាកត្តាចាំបាច់ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង បានអំពាវ នាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជំនាញ ពាណិជ្ជករ អាជីវករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តវិធានការច្បាប់ និងណែនាំស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំ ជក់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សានិរន្តរភាពជ័យលាភី “ក្រុងទេសចរណ៍គ្មានផ្សែងបារី” របស់ក្រុងដូនកែវ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែមានភាពទាក់ទាញ។ ពង្រីកវិសាលភាព និងគំរូនវានុវត្តន៍ គ្មានផ្សែងបារីនេះ ទៅកាន់បណ្តាស្រុកផ្សេងៗទៀតនៅទូទាំងខេត្តតាកែវ នាពេលខាងមុខ ។
ឯកឧត្តមបន្តថា ការទទួលបានជ័យលាភីរបស់ក្រុងដូនកែវនាពេលនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅស្អាត គ្មានការបំពុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើង ដែលរួមចំណែកដល់ការកើន ឡើងនៃប្រាក់ចំណូល និងសេដ្ឋកិច្ចមូលដ្ឋានទាំងមូលផងដែរ ៕