ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនក្របខ័ណ្ឌផ្ទេរមកភ្នំពេញ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលផ្លូវការ នៃការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការបន្ថែមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីសំណាក់សមាជិក សមាជិកានៃគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍សាកលវិទ្យាល័យ សាធារណជន សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាព។

បន្ទាប់ពីការពិនិត្យ និងចុះហត្ថលេខារបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួចរាល់ហើយ បញ្ជីឈ្មោះលទ្ធផលផ្លូវការ នឹងត្រូវប្រកាសផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ នៅលើបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ៕