វិមាន ៧ មករា៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» ដោយមាន ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស។
បាឋកថានេះផ្តោតសំខាន់លើប្រវត្តិជីវិត និងបទពិសោធតស៊ូរបស់វាគ្មិនកិត្តិយស ក្នុងបុព្វហេតុការពារសមិទ្ធផលនៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។ ការចែករំលែកនេះបានផ្តល់ជាមេរៀនដ៏មានតម្លៃដល់សមាជិក សមាជិកាបក្ស អំពីការលះបង់ ស្មារតីបម្រើជាតិ ការប្រកាន់ខ្ជាប់ឧត្តមគតិ និងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីឧត្តមប្រយោជន៍ជាតិ។
វេទិកានេះ ក៏ជាការបន្តផ្សារភ្ជាប់បទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ទៅនឹងភារកិច្ចរបស់អ្នកបន្តវេន ដោយយកការដឹងគុណជាមូលដ្ឋាន និងការទទួលខុសត្រូវជាកម្លាំងជំរុញ ក្នុងការថែរក្សាសន្តិភាព ពង្រឹងសាមគ្គីភាព និងបន្តកសាងសមិទ្ធផលថ្មី ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ វេទិកានេះក៏
បានលើកកម្ពស់ កតញ្ញូតាធម៌ មោទកភាព និងភក្ដីភាព ចំពោះជាតិ និងប្រជាជន ដែលទាំងនេះ ជាស្នូលនៃការត្រិះរិះពិចារណាប្រកបដោយបញ្ញាញាណ ដ៏មានតម្លៃបំផុតសម្រាប់អនាគតកម្ពុជា។


