រូបសំណាក «បង្កងយក្ស» ដ៏ធំមួយដែលរដ្ឋបាលខេត្តតាកែវ បានសាងសង់នៅបឹងតាកែវ ស្ថិតនៅក្នុងសង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងភរិយា។
បើយោងតាមមន្ត្រីសាលាខេត្តតាកែវ បានឲ្យដឹងថា រូបសំណាកបង្កងដ៏ធំមួយនេះ មានបណ្តោយប្រវែង ៦ម៉ែត្រ និងទទឹង ប្រវែង ២,៥ម៉ែត្រ ដង្កៀប ប្រវែង ៤,៥ម៉ែត្រ។ រូបសំណាកបង្កងមួយនេះ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ខេត្តតាកែវ ព្រោះបង្កងខេត្តតាកែវ មានរសជាតិឈ្ងុយឆ្ងាញ់ជាងបង្កងនៅតាមបណ្ដាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។
រូបសំណាកបង្កងនេះ ត្រូវបានផ្ដើមសាងសង់ច្រើនជំនាន់អភិបាលខេត្តហើយ ទើបតែជំនាន់របស់ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តតាកែវ ទើបរូបសំណាក់នេះបានលេចរូបរាងឡើងនៅបឹងតាកែវ ក្នុងក្រុងដូនកែវ៕














