សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណែនាំឲ្យកំណត់ច្បាស់លាស់អំពី កម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅតាមកម្រិតថ្នាក់សិក្សា ចាប់ពីបឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់ នៅខេត្តកំពង់ធំ, សម្ដេចនាយករដ្ឋមន្ត្រី ណែនាំបន្ថែមថា បច្ចេកវិទ្យាឌីជីថលគួរត្រូវបានប្រើប្រាស់ជាជំនួយដល់គ្រូបង្រៀន និងសៀវភៅសិក្សា ប៉ុន្តែមិនត្រូវប្រើប្រាស់ជំនួសគ្រូបង្រៀន និងសៀវភៅសិក្សានោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងខ្ញុំសូមឲ្យការគិតគូរការប្រើប្រាស់ Digital រៀបឲ្យចំជាជំហានៗ ដល់ថ្នាក់ដែលប្រើ គឺអនុវិទ្យាល័យប្រើកម្រិតណា បឋមប្រើកម្រិតណា បឋមទី១ដល់ទី៤ ប្រើកម្រិតណា ទី៥ទី៦ប្រើកម្រិតណា គួរប្រើវាជាជំនួយឲ្យគ្រូនិងសិស្ស កុំប្រើវាជំនួសគ្រូ និងឯកសារសៀវភៅ។ គឺបានន័យថាប្រើវាជាជំនួយឲ្យគ្រូ និងសៀវភៅ កុំប្រើវាជំនួសគ្រូ និងសៀវភៅ គ្រោះថ្នាក់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា ការប្រើប្រាស់ឌីជីថលដោយគ្មានការគ្រប់គ្រង និងការណែនាំពីគ្រូបង្រៀន អាចបង្កហានិភ័យដល់ការសិក្សារបស់សិស្ស ដោយសិស្សអាចគ្រាន់តែមានវត្តមាននៅសាលា ប៉ុន្តែមិនបានយកចិត្តទុកដាក់រៀនសូត្រឡើយ។ ផ្ទុយទៅវិញ សិស្សអាចចំណាយពេលលេងបណ្តាញសង្គម ជាពិសេស TikTok ជំនួសឲ្យការសិក្សា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីបទពិសោធន៍នៃការសិក្សាតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលជំងឺកូវីដ១៩ ដោយបញ្ជាក់ថា ការពឹងផ្អែកតែលើវីដេអូ និងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដោយគ្មានការបង្រៀន និងតាមដានផ្ទាល់ពីគ្រូ អាចធ្វើឲ្យសិស្សខ្វះការយកចិត្តទុកដាក់ និងមិនទទួលបានចំណេះដឹងតាមការរំពឹងទុក។
ជាមួយគ្នានេះ សម្តេចសង្កត់ធ្ងន់ថា ការពង្រីកចំនួនគ្រូបង្រៀន និងការបោះពុម្ពសៀវភៅសិក្សាបន្ថែម គឺជាការវិនិយោគចំគោលដៅ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ដូច្នេះ ការវិនិយោគលើបច្ចេកវិទ្យាឌីជីថលតែមួយមុខ ដោយមិនគិតគូរពីតួនាទីសំខាន់របស់គ្រូបង្រៀន និងសៀវភៅសិក្សា គឺមិនអាចឆ្លើយតបនឹងគោលដៅលើកកម្ពស់គុណភាពអប់រំបានឡើយ៕













































































