សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងចេញនូវទិសដៅក្នុងឆ្នាំ២០២៧ គឺសិស្សសាលារដ្ឋទូទាំងប្រទេស មិនឱ្យប្រើទូរស័ព្ទក្នុងម៉ោងសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូ លុះត្រាតែដល់ម៉ោងចេញពីសាលា លើកលែងតែមុខវិជ្ជាដែលគ្រូអនុញ្ញាតឱ្យធ្វើការ Research តែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ»។
ទន្ទឹមជាមួយបរិយាកាសដែលបច្ចេកវិទ្យាឌីជីថលកាន់តែមានភាពរីកចម្រើនឆាប់រហ័ស ការសិក្សាមួយផ្នែកបានងាកចេញពីការបង្រៀនបែបប្រពៃណីទៅជាការបង្រៀនតាមប្រព័ន្ធឌីជីថល។ ទោះជាមានគុណសម្បត្តិច្រើនក៏ពិតមែន តែគុណវិបត្តិនៃការប្រើប្រាស់ឌីជីថលហួសហេតុ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគិតរបស់កុមារ និងយុវជន ដែលទាមទារឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រើប្រាស់ឌីជីថលទាំងអស់ នឹងធ្វើឱ្យសិស្សកាន់តែខ្ជិលច្រអូស ការចងចាំអន់ថយ ឃ្លាតឆ្ងាយពីសង្គម ជាពិសេសស្របពេលបញ្ញាសិប្បនិម្មិត AI កំពុងរីកចម្រើនផងនោះ កាន់តែត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ សម្ដេច ណែនាំដល់គ្រប់សាលា ពិនិត្យលើការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ជៀសវាងការប្រើប្រាស់មិនចំគោលដៅ ខណៈនៅបណ្ដាប្រទេសមួយចំនួនបានដាក់ចេញវិធានការក្ដៅរួចមកហើយ។
សម្ដេច បានថ្លែងថា៖ «នៅសិង្ហបុរី គេហាមមិនឱ្យប្រើតែម្ដង ទាល់តែម៉ោងចេញពីសាលាបានគេឱ្យវិញ នៅចិន នៅអាមេរិក នៅបារាំង និយាយរួមជាង ១០០ប្រទេស ហើយអូស្ត្រាលីទើបចេញក្រោយនេះ។ ក្រសួងយើងបានដាក់ចេញវិធានការ ២ឆ្នាំហើយតែមិនទាន់បាន ១០០%នៅឡើយ ខ្ញុំសង្ឃឹមថា ឆ្នាំ២០២៦ ២០២៧ សាលាទូទាំងប្រទេស ជាពិសេសសាលារដ្ឋ នឹងមិនមានថ្នាក់ណាដែលសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀនដោយគ្មានការអនុញ្ញាតពីគ្រូ ខ្ញុំសុំឱ្យដាក់ទិសដៅនឹងតែម្ដង….»។
សម្ដេច ក៏បានថ្លែងណែនាំដល់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា នាយកសាលា លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលសិស្ស ត្រូវសហការគ្នាដើម្បីអនាគតរបស់យុវជន និងកូនៗរបស់យើង។ នេះមិនមែនជាការងារដោយឡែកនោះទេ តែត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ៕













































































