សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានលើកឡើងថា តាមរយៈខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្ដខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន បានស្ដែងឲ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺការខ្វះខាតសាលារៀន ដែលជាហេតុនាំឲ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពង់ខ្ពស់ ហើយងាយក្នុងការបោះបង់ការសិក្សា ពិសេសកូនស្រី។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់នៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្ដើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឲ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិឋានរបស់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលតាមស្ដាប់រឿងប្រវត្តិសម្ដេចតេជោ ពិសេសតាមស្ដាប់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទនោះច្បាស់ជាអាចដឹង ពីមុនសង្គ្រាមកុមាររបស់យើងជាច្រើន ដើម្បីបន្ដការអប់រំការសិក្សា ខ្លះទៅបួស ខ្លះទៅចាកចេញពីស្រុក ដែលនេះជាបទពិសោធន៍របស់ឪពុកខ្ញុំ ដោយឡែកមីងរបស់ខ្ញុំស្រីៗ គឺអត់បានរៀនតែម្ដង អីចឹងការអប់រំមិនអាចទៅរួចទេទោះបីជាចង់យ៉ាងណាក៏ដោយ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ផ្ដើមចេញបទពិសោធន៍លំបាកខ្លួនឯងនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន មិនចង់ឃើញក្មេងជំនាន់ក្រោយលំបាកដូចជំនាន់សម្ដេចនោះឡើយ ពោលក្រោយសង្គ្រាមដោយនយោបាយឈ្នះឈ្នះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយក្នុងវិស័យអប់រំ ដោយផ្ដោតទៅលើការពង្រាយសាលានៅទូទាំងប្រទេស។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា នៅទូទាំងប្រទេសក្នុង១៦៥២ឃុំសង្កាត់ មានសាលាបឋមសិក្សាយ៉ាងហោចមួយនៅក្នុងឃុំសង្កាត់ ហើយឃុំសង្កាត់ខ្លះមានច្រើនជាងមួយ ខណៈបច្ចុប្បន្នសាលាបឋមសិក្សាមានជាង៧០០០ទីតាំង។ សម្ដេចបានបន្ដទៀតថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឲ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម។

សម្ដេចមហាបវរធិបតី ប្រមុនខៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបន្ដយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពគ្រូបន្ដទៀត។

ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាខ្សែភាពយន្តប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។

ខ្សែភាពយន្តនេះមានប្រមាណ ៩៦ភាគ ហើយចំណាយពេលថតជាងមួយឆ្នាំ។ ការថតខ្សែភាពយន្តនេះបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ភាពយន្តនេះបានចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមរយៈកញ្ចក់ទូរទស្សន៍បាយន្ត និងមាននៅលើឆាណែល CoolApp ឈ្មោះ «ភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

រឿងនេះនិយាយអំពីដំណើរជីវិតពិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងសម័យសង្គ្រាមលន់ នល់ រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ការរត់ចូលព្រៃម៉ាកគីក្នុងសម័យខ្មែរក្រហម ការឆ្លងដែនទៅវៀតណាមដើម្បីស្វែងរកកម្លាំងរំដោះប្រទេស និងការជួបជុំភរិយាក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។ ក្រុមការងារបានចុះថតនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត។

ខ្សែភាពយន្តនេះចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដែលជាថវិកាបានមកពីក្រុមហ៊ុនឯកជន និងមិនមែនជាថវិកាជាតិឡើយ។ ភាពយន្តនេះបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ និងកងកម្លាំង ៥០០នាក់ ផ្សេងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តនេះឡើង ដែលដឹកនាំដោយលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ គណៈកម្មការនេះមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្ដែង៕