ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុម និងលោក Julio Bacio Terracino ទីប្រឹក្សាផ្នែកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយផ្តោតលើការវិវត្តនៃស្ថានភាព និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច, តម្រូវការជំនួយបច្ចេកទេស ព្រមទាំងកាលបរិច្ឆេទនៃបេសកកម្ម IMF Article IV សម្រាប់ឆ្នាំ ២០២៧ ។
ស្ថិតក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការវាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤.០% ក្នុងឆ្នាំ ២០២៦ និង៤.៨% ក្នុងឆ្នាំ ២០២៧, ដែលជាកំណើនមួយទាបជាងការវាយតម្លៃពីដើមឆ្នាំ។
កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុក ពីបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ, ការបង្រ្កាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។
ទន្ទឹមគ្នានេះ, វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេស លើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពលជាអវិជ្ជមាន មកលើសមត្ថភាពផលិតកម្ម។ ទោះបីជាយ៉ាងណា, វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៧ ជារួម។
ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបន្តលើកឡើងថា កម្ពុជាបាន និងកំពុងបន្សាំខ្លួនជាមួយនឹងភាពមិនប្រាកដប្រជា និងការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ (multiple shocks)។ ក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលមានជាអាទិ៍យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជំហរគោលនយោបាយហិរញ្ញវត្ថុសារធារណៈកម្ពុជា (Fiscal Stance) ទៅប្រកាន់យក «ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ក្នុងគោលដៅបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុង រយៈពេលមធ្យម»។
លោក Kenichiro Kashiwase ក៏បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចសកលបន្ដមានភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជា និងការកើនឡើងអតិផរណាជាសកល ព្រមទាំងកត់សម្គាល់ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់ គាំទ្រដោយវិស័យនាំចេញ។
លោក Kenichiro បានលើកឡើងអំពីសារៈសំខាន់នៃសុចរិតភាពនៃវិស័យហិរញ្ញវត្ថុ និងការប្តេជ្ញារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង រួមមាន៖ ការកៀរគរចំណូល, យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម (MTEAMS) និងការគ្រប់គ្រងទ្រព្យនិម្មិត (Virtual asset management) និងការងារសំខាន់ៗផ្សេងទៀត ដែលនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន ។
ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលមូលនិធិ- រូបិយវត្ថុអន្តរជាតិ ដែលតែងតែនាំយកនូវទស្សនាទាន និងអនុសាសន៍ល្អៗ គាំទ្រដល់ការរៀបចំគោលនយោបាយ, និង ត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមបេសកកម្ម Article IV ក្នុងឆ្នាំ ២០២៧ ដើម្បីបន្តតាមដាន និងវាយតម្លៃស្ថានភាពកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកលមិនប្រាកដប្រជា៕










