សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ១៣៣គ្រួសារ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៣៣គ្រួសារ ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកអង្គរបូរី។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច»។

ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីការប្រែប្រួលអាកាសធាតុ និងបានណែនាំឱ្យបងប្អូនថែរក្សាសុខភាព ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដាំដើមឈើជុំវិញផ្ទះ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ឬខ្យល់កន្រ្តាក់ម្ដងៗ។

អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យត្រៀមទីទួលសុវត្ថិភាព និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ត្រីខ មី ប្រេងឆា នំ ទឹកត្រី ទឹកស៊ីអ៊ីវ កន្ទេល មុង ភួយ សារុង ក្រម៉ា និងថវិកាមួយចំនួន រួមទាំងតង់ធំសម្រាប់គ្រួសារដែលរលំផ្ទះទាំងស្រុង៕