នាល្ងាចថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករតាមរដូវកាល។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៃភាគីទាំងពីរផងដែរ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូស្រុកយ៉ាំងផ្សង់ ដោយគូសបញ្ជាក់ថា៖ អនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងខេត្តពោធិ៍សាត់ និងស្រុកយ៉ាំងផ្សង់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចងភ្ជាប់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួល និងគ្រប់គ្រងការបញ្ជូនពលករតាមរដូវកាលឱ្យមានស្ថិរភាព និងសុវត្ថិភាព ព្រមទាំងខិតខំស្រូបយកនូវបទពិសោធន៍ និងបច្ចេកវិទ្យាកសិកម្មទំនើបៗពីភាគីកូរ៉េ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប លោក JEON JIN SEON អភិបាលស្រុកយ៉ាំងផ្សង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្ត និងអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានផ្តល់ការសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំពិធីចុះអនុស្សរណៈនេះឡើង។
លោក JEON JIN SEON បានលើកឡើងថា ស្រុកយ៉ាំងផ្សង់ រីករាយយ៉ាងខ្លាំង ក្នុងការចែករំលែកចំណេះដឹង បច្ចេកទេសកសិកម្មបៃតង និងបទពិសោធន៍រដ្ឋបាលកសិកម្ម ជូនដល់ខេត្តពោធិ៍សាត់ ហើយលោកក៏បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការមើលថែទាំ ការពារសិទ្ធិ និងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព ជូនដល់ពលករតាមរដូវកាលមកពីខេត្តពោធិ៍សាត់ ដូចជាបងប្អូនកូរ៉េដែរ។
បន្ទាប់ពីការផ្លាស់ប្តូរមតិសំណេះសំណាល និងការទស្សនាវីដេអូឯកសារបង្ហាញពីសក្តានុពលរួចមក ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើឯកសារ MOU ផ្លូវការ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម (កសិកម្មឆ្លាតវៃ រោងផ្ទះសំណាញ់ និងយន្តូបនីយកម្ម) និងការបញ្ជូន-គ្រប់គ្រងពលករតាមរដូវកាល។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញចុះទស្សនាកសិដ្ឋានដាំបន្លែ នៅភូមិអូថ្កូវ សង្កាត់រលាប, ទស្សនាសារៈមន្ទីរខេត្ត ក្រុងពោធិ៍សាត់ និងបានចូលរួមពិសារអាហារសាមគ្គីជួបជុំគ្នា ដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕









































