លោកជំទាវបណ្ឌិត ជា សិរី៖ កម្ពុជាត្រៀមទទួលថ្នាក់ដឹកនាំអាស៊ាន ហ្វ្រង់កូហ្វូន និងអន្តរជាតិ តាមរយៈកិច្ចប្រជុំកំពូលធំៗពីរ ដែលរៀបចំនៅពាក់កណ្តាលខែវិច្ឆិកា នារាជធានីភ្នំពេញ


(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងក្លាយជាចំណុចប្រមូលផ្តុំថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាន ប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូន) និងសហគមន៍អន្តរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងកិច្ចប្រជុំកំពូល Black Swan Summit Cambodia ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ ពោលគឺនឹងរៀបចំឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីមូលហេតុដែលថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងរយៈពេលជិតពីរសប្តាហ៍ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍ទាំងពីរក្នុងពេលតែមួយ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលរបស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ដោយសារទីតាំងរៀបចំព្រឹត្តិការណ៍ទាំងពីរស្ថិតនៅក្បែរគ្នា អ្នកចូលរួមនឹងអាចធ្វើដំណើរទៅចូលរួមកិច្ចប្រជុំទាំងពីរបានយ៉ាងងាយស្រួល ដែលជាឱកាសបង្កើនការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការតភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំមកពីតំបន់ផ្សេងៗគ្នា។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយបញ្ជាក់ថា កម្ពុជាបានកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញពីចំណុចសូន្យ រហូតដល់បច្ចុប្បន្នមានគណនីអ្នកប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទចល័តជាង៣២លានគណនី។

លោកជំទាវបណ្ឌិតបានបន្ថែមថា តាមរយៈប្រព័ន្ធបាគង កម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដ៏ទំនើបមួយ ដែលស្ថិតក្នុងចំណោមប្រព័ន្ធទូទាត់មានការអភិវឌ្ឍជឿនលឿនបំផុតនៅតំបន់អាស៊ី។ បទពិសោធន៍ និងចំណេះដឹងដែលកម្ពុជាទទួលបានពីការអភិវឌ្ឍប្រព័ន្ធនេះ នឹងត្រូវចែករំលែកក្នុងកិច្ចប្រជុំកំពូល Black Swan ដើម្បីផ្តល់ជាគំរូជាក់ស្តែង ដល់អ្នកចូលរួមអន្តរជាតិ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា សម្រាប់ថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន ទេសាភិបាលធនាគារកណ្តាល និងអ្នកចូលរួមទាំងអស់ ការជួបជុំនេះក៏ជាឱកាសដ៏មានតម្លៃ ក្នុងការតភ្ជាប់ទៅកាន់ទីផ្សារថ្មីៗ បង្កើតទំនាក់ទំនងអាជីវកម្ម កសាងភាពជាដៃគូរយៈពេលវែង និងស្វែងរកកាលានុវត្តភាពថ្មីៗ។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ មិនត្រឹមតែជាឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់ សម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ បង្ហាញសមិទ្ធផលនៃការអភិវឌ្ឍ និងទាក់ទាញដៃគូធុរកិច្ច និងវិនិយោគិនអន្តរជាតិមកកាន់ប្រទេសកម្ពុជាផងដែរ៕