(ពោធិ៍សាត់)៖ គ្រួសារមួយរស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ដៃគ្នាកសាងជីវិតតាំងពីវ័យជាង១០ឆ្នាំ មានកូនរហូតដល់ទៅ១៧នាក់ ស្រាប់តែបែកបាក់គ្នាដោយបុរសជាប្តីទៅមានប្រពន្ធថ្មី។
គ្រួសារនេះ បុរសជាប្តីមានឈ្មោះ គា ចន្ធី អាយុ ៤៧ឆ្នាំ រីឯស្ត្រីជាភរិយាឈ្មោះ សែម សុខឃឿន អាយុ ៤៥ឆ្នាំ។ ពួកគាត់ទាំងពីរនាក់ បានរៀបការនឹងគ្នាកាលពីឆ្នាំ១៩៩៥ មានកូនជាចំណងដៃចំនួន១៧នាក់ ប៉ុន្តែកូន៥នាក់ បានស្លាប់ដោយសារជំងឺយូរឆ្នាំមកហើយ។ បច្ចុប្បន្នកូននៅរស់ ១២នាក់ ប្រុស ៨នាក់ ស្រី ៤នាក់។ កូនបងគេអាយុ ២៤ឆ្នាំ ហើយកូនចុងក្រោយមានអាយុទើប ១១ខែប៉ុណ្ណោះ។
គ្រួសារនេះ បានចែកផ្លូវគ្នាជាងមួយឆ្នាំមកហើយ ដោយបុរសជាប្តីទៅមានប្រពន្ធថ្មី បន្សល់ទុកកូនតូចៗឱ្យប្រពន្ធចិញ្ចឹមបីបាច់តែឯងជាមួយជីវភាពក្រីក្រ។ ដោយមើលឃើញពីការលំបាករបស់ស្ត្រីជាម្តាយ និងកូនៗ ព្រមទាំងខឹងសម្បាចំពោះបុរសជាប្តីឥតមានធម៌មេត្តាចំពោះកូនៗ និងប្រពន្ធផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានចុះទៅដល់គេហដ្ឋានរបស់គ្រួសារខាងលើ បន្ទាប់ពីបញ្ចប់ការងារអមសម្តេចនាយករដ្ឋមន្ត្រីចែកពូជស្រូវ និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។
ដំណើរអញ្ជើញទៅនេះ ឯកឧត្តម សេង ទៀង បានហៅបុរសជាប្តីមកជួបដោយផ្ទាល់ ដើម្បីសួរនាំពីបញ្ហា ផ្តល់ការអប់រំ និងទាមទារឱ្យចេញថ្លៃអាហារកិច្ចដល់កូនៗ។
ឯកឧត្តម សេង ទៀង បានទូន្មានទៅបុរសជាប្តីនោះថា ទង្វើចុះចោលផ្ទះមានប្រពន្ធមិនជួយចិញ្ចឹមកូនតូចៗ ជាទង្វើខ្វះទំនួលខុសត្រូវ ខ្វះធម៌មេត្តា ការអាណិតអាសូរចំពោះកូនៗ។ បន្ថែមពីលើនោះ ទង្វើបែបនេះ ជាការខុសទៅនឹងច្បាប់ឯកពន្ធភាព ដែលកំណត់ឱ្យប្រពន្ធតែមួយ។
ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង មិនទាមទារឱ្យបុរសនេះ ត្រឡប់មករកប្រពន្ធ និងកូនវិញនោះទេ តែលោកទាមទារឱ្យបុរសជាប្តីត្រូវជួយថ្លៃអាហារកិច្ចចិញ្ចឹមកូនៗ។
នៅចំពោះឯកឧត្តម សេង ទៀង និងមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំ និងកម្លាំងនគរបាលផងនោះ បុរសជាប្តីបានសន្យាជួយថ្លៃអាហារកិច្ចមួយខែ៥០ម៉ឺនរៀល។
ក្នុងគ្រួសារនេះ ក្នុងមួយថ្ងៃហូបបាយ២០កំប៉ុង ស្មើនឹងប្រមាណ៤គីឡូក្រាម ហើយមួយខែអស់១២០គីឡូក្រាម។ ដោយក្តីអាណិតក្មេងៗ និងឃើញពីការលំបាកក្នុងជីវភាពរបស់ម្តាយនោះ ឯកឧត្តម សេង ទៀង បានសម្រេចជួយឧបត្ថម្ភជាអង្ករមួយខែ ១០០គីឡូក្រាម និងជួយជាសាច់ជ្រូកមួយថ្ងៃ២គីឡូក្រាម។
ការជួយប្រកបដោយទឹកចិត្តសប្បុរសរបស់ឯកឧត្តម សេង ទៀង ជាការជួយរំលែកការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ហើយក៏ជួយឱ្យក្មេងៗទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។
ឯកឧត្តម សេង ទៀង ក៏បានផ្តាំផ្ញើទៅស្ត្រីជាម្តាយ ព្រមទាំងអាជ្ញាធរនៅមូលដ្ឋាននោះ ជួយឱ្យកូនតូចៗបានរៀនគ្រប់គ្នា ដើម្បីមានតម្រិះសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខ។
ដំណើរចុះទៅកាន់ផ្ទះគ្រួសារខាងលើ ឯកឧត្តម សេង ទៀង មិនត្រឹមចាត់ចែងការឧបត្ថម្ភសម្រាប់គ្រួសារនេះប៉ុណ្ណោះទេ តែក៏បានអំណោយជាអង្ករ មី ទឹកបរិសុទ្ធ ព្រមទាំងនាំបាយ និងម្ហូបជូនដល់គ្រួសារនេះថែមទៀត។
ស្ត្រីជាម្តាយ បានបង្ហាញក្តីត្រេកអរចំពោះទឹកចិត្តរបស់ឯកឧត្តម សេង ទៀង ជាមនុស្សមិនជាប់សាច់ឈាមគ្នា តែមានទឹកចិត្តសប្បុរសសណ្តោប្រណីជួយដល់គ្រួសាររបស់អ្នកស្រី។ អ្នកស្រី សែម សុខឃឿន មិនមានអ្វីមកពិពណ៌នាររៀបរាប់អស់ចំពោះទឹកចិត្តនេះឡើយ។ អ្នកស្រី សុខឃឿន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សេង ទៀង និងគោរពជូនពរឯកឧត្តម សេង ទៀង និងលោកជំទាវ ព្រមពរទាំង៤ ឱ្យបានជួបតែសេចក្តី សេចក្តីចម្រើន៕












































