នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.ស៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា។
ពិធីដ៏មហោឡារិក ប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា នៃការចាប់ផ្តើមព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល តំណាងគណៈកម្មការនៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខេត្ត។
សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់។
ព្រឹត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនីឆ្នាំ២០២៣– ២០៣០ និងក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជាជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។
សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ។
ប្រធានបទនេះ បានដកស្រង់ពីព្រះរាជសុន្ទរកថាដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង។
ប្រធានបទនេះក៏ឆ្លុះបញ្ចាំង និងស្របទៅនឹងប្រធាន បទរួមនៃកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦នេះ ដែលបានកំណត់យក «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង- Réinvestir dans la paix pour une prospérité partagée et une stabilité durable»។ មានសន្តិភាព ទើបមានស្នាមញញឹម មានវិបុលភាព និងមានអ្វីៗគ្រប់យ៉ាង។
ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅលើទីធ្លាសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមានទំហំដីសរុប ១០ ០០០ម៉ែត្រការ៉េ។ ការកំណត់យកទីតាំងនេះ ផ្អែកលើការធ្វើទស្សនកិច្ចពិនិត្យជាក់ស្ដែងដោយក្រុមការងារ និងលោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយទីតាំងនេះ មានលក្ខណៈសមស្រប បង្ហាញអត្តសញ្ញាណខ្មែរ ស្ថិតនៅកណ្តាលទីប្រជុំជន ហ៊ុមព័ទ្ធទៅដោយទស្សនីយភាពសំណង់អគារប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម។ល។
ភូមិហ្វ្រង់កូហ្វូនី នឹងបើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃដោយសេរី។
ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូបអាហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់សម្រាប់អ្នកសម្ដែងសិល្បៈ, បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់)។
ពន្លាជាតិ (National Pavilion)៖ ត្រូវបានរៀបចំសម្រាប់តំណាងឱ្យបណ្ដារដ្ឋជាសមាជិក ៥៦ប្រទេស រដ្ឋសង្កេតការណ៍ ៣២ប្រទេស និងរដ្ឋសមាជិកមិនពេញសិទ្ធិ ៥ប្រទេស។ ពន្លាជាតិនីមួយៗអាចបង្ហាញពី៖ អត្តសញ្ញាណជាតិ, បេតិកភណ្ឌវប្បធម៌, គោលដៅទេសចរណ៍, អាទិភាពនៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា។
ពន្លាជាតិកម្ពុជា (Cambodian Pavilion)៖ ត្រូវបានសាងសង់ជារចនាបទខ្មែរ ដែលនឹងបង្ហាញអំពីអត្តសញ្ញាណជាតិ បេតិកភណ្ឌ វប្បធម៌ខ្មែរ សក្ដានុពលទេសចរណ៍ និងសមិទ្ធផលនៃកិច្ចអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏ដូចឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
កម្ពុជា ក៏បានដាក់បញ្ចូល កម្មវិធី «ប៉ាក់ស្បៃខ្មែរ» ដើម្បីបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ការថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងជម្រុញការគាំទ្រការដាក់បញ្ចូល ស្បៃខ្មែរ ជាសម្បត្តិបិតិកភ័ណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)។
ពន្លាជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងស្ថាប័នប្រតិបត្តិករ៖ ជាពន្លាជាតិបែបស្ថាប័ន ដែលបង្ហាញអំពីមហិច្ឆតាយុទ្ធ សាស្ត្រទាំងប្រាំ (The five strategic ambitions), កម្មវិធី និងសកម្មភាពនានារបស់អង្គការ OIF, ឱកាស ទទួលបានព័ត៌មាន និងពិភាក្សា។
តំបន់ពិព័រណ៍ទូទៅ៖ តាំងបង្ហាញ និងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ ការអប់រំ ឱកាសការងារ វិស័យទេសចរណ៍ ផលិតផល និងស្នាដៃខ្មែរ។
ការតាំងពិព័រណ៍នេះមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងមានការចូលរួមពីដៃគូនៃបណ្តាប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីសក្តានុពល សមិទ្ធផល និងភាពសម្បូរបែបនៃសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ។
បច្ចុប្បន្នតំបន់ពិព័រណ៍ទូទៅមានចំនួន១៣០ស្តង់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នរដ្ឋ បណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសហគ្រាសនានា។
ភូមិម្ហូបអាហារហ្វ្រង់កូហ្វូនី (Gastronomy Village)៖ កន្លែងសម្រាប់បង្កបរិយាកាសរីករាយ តាមរយៈ ប្រពៃណីម្ហូបអាហារ ការផ្លាស់ប្តូរវប្បធម៌ ការភ្លក្សរស់ជាតិម្ហូបអាហារ, ការបង្ហាញការចម្អិនម្ហូបដោយផ្ទាល់ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនខ្មែរ និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី។
សាលសន្និសីទ (Conference Hall)៖ កិច្ចពិភាក្សាលើប្រធានបទជាក់លាក់ (Structured Thematic Events) និងវេទិកាតុមូលចំនួនប្រមាណ៣០ រួមមានកិច្ចពិភាក្សាតុមូលស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ, ការអប់រំ និងបញ្ញាសិប្បនិម្មិត, និងពហុវប្បធម៌និងហ្វង់កូហ្វូនី (រៀបចំ ដោយក្រសួងកិច្ចការនារី), សន្និសីទអន្តរ ជាតិ ស្តីពីសន្តិភាព និងទេសចរណ៍ (រៀបចំដោយ ក្រសួងទេសចរណ៍), កិច្ចសន្ទនាស្ដីពីកិច្ចសហប្រតិបត្តិការ វប្បធម៌ (រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។
ទីតាំងសម្តែងវប្បធម៌ប្រចាំថ្ងៃចំនួន ៥០កម្មវិធី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រតិទិននៃការ សម្ដែងសិល្បៈទស្សនីយ៍ភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី ដោយបញ្ចូលសិល្បៈខ្មែរ និងសិល្បៈបរទេស តាមពេលវេលាកំណត់ជូន។
បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលសំណើសុំចូលរួមសម្ដែងពីក្រុម សិល្បៈក្នុងប្រព័ន្ធ(៥អង្គភាពរដ្ឋ) សិល្បៈក្រៅប្រព័ន្ធ(១៣អង្គភាពក្រៅរដ្ឋាភិបាល) និងក្រុម សិល្បៈមកពីក្រៅប្រទេស(បារាំង កាណាដា រ៉ូម៉ានី និងអាម៉េនី)។
បរិក្ខារ និងសេវាកម្ម៖ រួមមានបន្ទប់លេខាធិការដ្ឋាន, មជ្ឈមណ្ឌលព័ត៌មាន, បន្ទប់ទទួលភ្ញៀវកិត្តិយស, ទីតាំង ផ្តល់សេវាអាហារ និងភេសជ្ជៈ (Catering) និងសេវាសុខាភិបាល/វេជ្ជសាស្ត្រ។
ការចូលរួមរបស់សារព័ត៌មានជាតិ និងអន្តរជាតិ៖ សារព័ត៌មានអន្តរជាតិTV5 Monde បារាំង បានរៀបចំ studio ដើម្បីថត និងផ្សព្វផ្សាយសកម្មភាពប្រចាំថ្ងៃក្នុងភូមិហ្វ្រង់កូហ្វូនី។
ក្រសួងទេសចរណ៍ក្នុងនាមក្រុមការងារបច្ចេកទេស និង លេខាធិការដ្ឋាន គណៈកម្មការជាតិ បានពិនិត្យលទ្ធភាពផ្តល់ជូនទីតាំងធ្វើ Studio ទំហំប្រមាណ ១០០ម៉ែត្រការ៉េ ស្ថិតក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី។
បន្ទាប់ពីកម្មវិធីបើកសម្ពោធនេះទៅ នៅភូមិហ្វ្រង់កូហ្វូនី នឹងមានព្រឹត្តិការសំខាន់មួយទៀត នារសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា គឺកម្មវិធីទស្សនកិច្ចរបស់ភរិយា និងស្វាមីថ្នាក់ដឹកនាំ (Spouse Programme) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូអម។
អំឡុងពេលបំពេញទស្សនកិច្ចនេះ ក្រុមការងារក៏មានរៀបចំកម្មវិធីមួយចំនួនដែលដឹកនាំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបង្ហាញអំពីការប៉ាក់ ស្បៃខ្មែរ និងរៀបចំស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ជូនស្ត្រីទី១ ដែលអញ្ជើញមកពីគ្រប់បណ្ដាប្រទេស។
បន្តពីកម្មវិធីនេះ គណៈប្រតិភូ នឹងបន្តទស្សនាពន្លាជាតិ ស្តង់ពិព័រណ៍ទូទៅ ទស្សនាប្រាសាទទាំងបី (ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ) ទស្សនាការសម្ដែងសិល្បៈ និងទស្សនាការបង្ហាញការចម្អិនម្ហូប៕





