ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចាប់ផ្តើមវេទិកាពិភាក្សាទី៤៖ បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង ក្រោមប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម សម្រាប់សន្តិសុខស្បៀង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែង នៃខ្សែសង្វាក់តម្លៃកសិ-ចំណីអាហារ។
វេទិកាពិភាក្សាពិភាក្សានេះផ្តោតលើទំនើបកម្មបច្ចេកវិទ្យាដែលពង្រឹងផលិតភាពនិងភាពធន់នៃវិស័យកសិកម្ម ដែលរួមមានកសិកម្មជាក់លាក់ (precision farming), បច្ចេកវិទ្យា IOT, ជីវបច្ចេកវិទ្យា (biotechnology) បច្ចេកទេសកែច្នៃទំនើប (processing advances) និង ប្រព័ន្ធឌីជីថលសម្រាប់តាមដានប្រភពគ្រប់ពូជដែលមានតម្លៃខ្ពស់ ដើម្បីធានាថា ផលិតផលសិកម្មទាំងអស់បំពេញតាមស្តង់ដានាំចេញអន្តរជាតិ។
វេទិកាពិភាក្សាទី៤នេះ មានការថ្លែងសុន្ទរកថាគន្លឹះដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាពិភាក្សានេះមានអ្នកសម្របសម្រួលដោយលោកបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា។
វាគ្មិនរួមមាន៖ លោក Sorin CÎMPEANU សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រកសិកម្ម និងវេជ្ជសាស្រ្តសត្វ នៃទីក្រុងប៊ុយការ៉ែស ប្រទេសរ៉ូម៉ានី, លោកស្រី Suntheary DE MONTAIGNE អ្នកជំនាញផ្នែកវិនិយោគ ក្នុងវិស័យកសិពាណិជ្ជកម្ម នៃអង្គការស្បៀងអាហារ និងកសិកម្ម នៃសហ ប្រជាជាតិ (FAO) ប្រចាំកម្ពុជា, លោក Yoann FAUCHÉ ប្រធានប្រតិបត្តិការ នៃក្រុមហ៊ុន NEOTIQ, ប្រទេសបារាំង និងលោក Charles NAULT អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Logiag នៃប្រទេសកាណាដា៕
















