(ភ្នំពេញ) ៖ ខណៈដែលអ្នកវិភាគមួយចំនួន បានឃើញស្ថានការណ៍នយោបាយ កំពុងឡើងកម្ដៅតាមរយៈពាក្យសម្ដី រវាងគ្នាទៅវិញទៅមកពីថ្នាក់ដឹកនាំគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកនយោបាយកម្ពុជាបច្ចុប្បន្នថាមិនមែនជាការឡើងកម្ដៅ ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ។
អ្នកនាំពាក្យ រូបនេះបានចាត់ទុក ស្ថានការណ៍នយោបាយ នាពេលបច្ចុប្បន្ននេះ មិនមែនជាការឡើងកំដៅដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ ប៉ុន្តែផ្ទុយមកវិញ ប្រជាពលរដ្ឋ កំពុងរស់នៅក្រោមដំបូលសន្តិភាព ហើយអ្វីដែលកើតឡើងទៅលើគណបក្សសង្គ្រោះជាតិ គឺពាក់ព័ន្ធផ្នែកច្បាប់ដាច់ដោយឡែកទេ។
នៅរសៀលថ្ងៃពុធទី ២៧ ខែមេសា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ពីវប្បធម៌សន្ទនាថា “អត់មានទេ រឿងទៅមុខក៏អត់ទាន់ដឹងដែរ គឺយើងរង់ចាំមើលសភាពការណ៍សិន ពីព្រោះវប្បធម៌សន្ទនានេះ គឺមានអត្ថន័យរបស់វាច្បាស់លាស់ គឺការពិភាក្សាគ្នា លើផ្នែកនយោបាយតែមិនគ្របដណ្ដប់ដោយផ្លូវច្បាប់ទេ”។
ឯកឧត្តម សុខ ឥសាន ក៏បានបញ្ជាក់ប្រាប់វិទ្យុក្នុងស្រុកមួយ កាលពីថ្ងៃម្សិលមិញថា ក្នុងស្ថានភាពនាពេលបច្ចុប្បន្នគឺគ្មានអ្វីដែលគណបក្សទាំង២នឹង ត្រូវជួបគ្នាពិភាក្សាគ្នានោះទេព្រោះថាបើមានជំនួបក៏គ្មានអ្វី ក្រៅពីសុំឱ្យដោះលែងសកម្មជនគណបក្សប្រឆាំងនោះដែរ។ សម្រាប់គណបក្សកាន់អំណាច សំណុំរឿងនាពេលបច្ចុប្បន្នដែលមានការចាប់ខ្លួននិងឃុំខ្លួនតំណាងរាស្ត្រ និងសកម្មជន គឺជារឿងតុលាការតែប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន ថា វប្បធម៌សន្ទនាអាចផ្អាកឬបន្ដ ទាល់តែចាំមើលស្ថានការណ៍នយោបាយសិន
